លោក លឹម គានហោ អនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើរិស័យធនធានទឹក

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋានភូមិភាគអាស៊ីអាគ្នេយ៍ របស់ ADB បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើរិស័យធនធានទឹកក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេសរបស់ ADB ។

នៅក្នុងជំនួប លោកនាយក Jiangfeng Zhang បានធ្វើរបាយការណ៍ជម្រាបជូន លោករដ្ឋមន្រ្តី អំពីវឌ្ឍនៈភាពនៃកិច្ចខំប្រឹងប្រែងរបស់ ADB លើការកសាងកម្មវិធីវិនិយោគ ( Landing Program )និងជំនួយបចេ្ចកទេស ( Non-Landing Program ) សម្រាប់ឆ្នាំ២០១៩-២០២២ លើវិស័យធនធានទឹក និងឧតុនិយម រួមមានគម្រោងដូចខាងក្រោម៖

១- គម្រោងធ្វើអោយប្រសើរផ្នែកធារាសាស្រ្ត Irrigated Agriculture Improvement Project (IAIP) ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០១៩ ។

២- គម្រោងបរិធានហិរញ្ញប្បទានច្រើនយ៉ាងសម្រាប់ការគ្រប់គ្រងវិស័យធនធានទឹក Multiple Financing Facility (MFF) on Water Resources Management ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២០ ។

៣- ផែនទីបង្ហាញផ្លូវ និងកម្មវិធីវិនិយោគរយៈពេលវែងលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹក ( Long Term Road Map and Long Term Investment Program on Irrigation Systems and Water Resources Management )។

បន្ទាប់ពីបានស្តាប់របាយការណ៍ខាងលើ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃចំពោះការជួយគាំទ្ររបស់ ADB លើការអភិវឌ្ឍលើគ្រប់វិស័យ នៃសេដ្ឋកិច្ចកម្ពុជា និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលមានការរីកចម្រើនរហូតមកដល់ពេលនេះ ។

លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាង ADB និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានសហការរៀបចំគម្រោងកម្មវិធីខាងលើ ដែលមានលក្ខណៈប្រតិសកម្ម និងប្រទាក់ក្រឡាគ្នាយ៉ាងរលូន ក្នុងការរៀបចំ បេសកកម្មរៀបចំកម្មវិធី ( Country Programming Mission ) , យុទ្ធសាស្រ្តភាពជាដៃគូ ( Cambodia Country Partnership Strategy ) និង ផែនការការងារកិច្ចដំណើរការ (Country Operations Business Plan ) ឆ្នាំ ២០១៩-២០២២ សម្រាប់ប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយស្និទស្នាល និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរថែមទៀត រវាងក្រសួងធនធានទឹក និងឧតុនិយម និង ADB លើវិស័យធន​ធានទឹក និងឧតុនិយម ដើម្បីធ្វើអោយវិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ៕ ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print