រឿង “លោកប្តី” បានការសរសើរខ្លាំងថាកំប្លែងប្លែកនិងបង្កប់គំនិតអប់រំខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ភាពយន្តបែបកំប្លែងដែលជាស្នាដៃដឹកនាំសម្តែងរបស់នាយពែកមី គឺរឿង “លោកប្តី ទទួលបានការសរសើរខ្លាំងពីអ្នកចូលរួមទស្សនា នាថ្ងៃសម្ពោធប្រកាសបើកឲ្យចាក់បញ្ចាំអកាលពីថ្ងៃទី០៥ខែមីនាឆ្នាំ២០១៩ នេះ។ ក្រៅពីកំប្លែងប្លែកពីរឿងដទៃភាពយន្តនេះក៏បានបង្កប់នូវទស្សនៈអប់រំល្អមួយ ពិសេសជុំវិញបញ្ហាស្នេហាត្រីកោណដែលជាបញ្ហារសើបខ្លាំងក្នុងសង្គមបច្ចុប្បន្ន។

ជាស្នាដៃដឹកនាំសម្តែងថ្មីចុងក្រោយ នាយ ពែក មី បានលើកឡើងថារឿងនេះលោកបានដកស្រង់ចេញពី​រឿងពិតមួយចំនួនដែលសង្គមកំពុងជួបប្រទះ និងជាបញ្ហារសើបកើតមានក្នុងគ្រួសារជាច្រើន ពិសេសគឺរឿងប្តីមានស្រីខាងក្រៅ។ ទោះជាយ៉ាងណាលោកទទួលស្គាល់ថាឈុតឆាកខ្លះក៏លោកធ្លាប់ជួបផ្ទាល់ផងដែរ ទោះបង្កើតមានជារឿងមួយនេះបាន។ លោកថាប្តីសម្តែងដោយលោកផ្ទាល់ ហើយប្រពន្ធដើមសម្តែង ដោយ នាងខ្ញុង ខណៈដែលស្រីកំណាន់ខាងក្រៅគឺសម្តែងដោយកញ្ញាឯក ហេង ចាន់ថា។

នាងខ្ញុង ដែលជាតួអង្គសំខាន់ក្នុងរឿងនេះបញ្ជាក់ថា មានឈុតឆាកកំប្លែង និងកម្សត់មួយចំនួន ដែលបង្កប់ដោយទស្សនៈអប់រំ។ នាងថាក្នុងរឿងនេះនាងមានឈុតឆាកសម្រក់ទឹកភ្នែកច្រើន ព្រោះតែប៉ះប្តីកំពូលល្បិចតាមមិនទាន់។ នាងបញ្ជាក់ថាភាពយន្តនេះនឹងឆ្លុះបញ្ចាំងពីស្ថានភាពពិតក្នុងគ្រួសារមួយចំនួនដែលធ្លាប់ជួបរឿងនេះ ហើយនាងយល់ថាភាពយន្តនេះក៏នឹងជួយជំរុញលើកទឹកចិត្តស្ត្រី និងកែប្រែអត្តចរិកប្តីកំហូចមួយចំនួនផងដែរ។

ក្រោយទស្សនាថ្ងៃប្រកាសសម្ពោធភាពយន្តនេះចប់ទស្សនិកជនជាច្រើនបានកោតសរសើរស្នាដៃកំប្លែងបែបថ្មីដែលដឹនាំសម្តែងដោយ តារាកំប្លែង នាយ ពែកមី ដែលក្រៅពីឈុតឆាកកំប្លែងថ្មី វាបានបង្កប់នូវទស្សនៈអប់រំច្រើន និងបានលាតត្រដាងអំពីល្បិចកិចកលមួយចំនួនរបស់ស្វាមី ដែលតែងលួចលាក់មានស្រីខាងក្រៅ។

គួរបញ្ជាក់ដែរថា រឿង “លោកប្តី” របស់ផលិតកម្ម LD Picture នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ចាប់ពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩នេះ។ ផលិតកម្មនេះទើបនឹងបញ្ចប់ការចាក់បញ្ចាំងដោយជោគជ័យជាមួយភាពយន្តខ្នាតធំរឿង”អង្រឹង” ហើយគ្រោងនឹងបន្តបញ្ចេញស្នាដៃភាពយន្តខ្មោចបែបកំប្លែងគឺរឿង”ឯណាខ្មោច?” នៅថ្ងៃទី២១ខែមីនាខាងមុខនេះផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print