លិខិតមិត្តអ្នកអាន៖ ជួយរំដោះផ្លូវសាធារណៈផង ខណៈ អាជ្ញាធរអនុញ្ញាតឲ្យបើកហាងដោយមិនគិតពីចំណត 

ចែករំលែក៖

ភ្នំពេញ៖ ហាងកាហ្វេថ្មីៗ បានកើតឡើងជាបន្តបន្ទាប់នៅកណ្តាលរាជធានីភ្នំពេញ ដោយការអនុញ្ញាតយល់ព្រមពីអាជ្ញាធរ ប៉ុន្តែមិនបានគិតគូរអំពីចំណតនោះឡើយ ។ ដូច្នេះ យានយន្តរបស់អតិថិជននៃហាងកាហ្វេល្បីឈ្មោះជាច្រើន បានយកចិញ្ចើមផ្លូវ និងខ្លះយកចំណែកផ្លូវធ្វើជាចំណតតែម្តង ។ ប្រការនេះ ធ្វើឲ្យផ្លូវរួមតូច ហើយមិនអាចធ្វើចរាចរណ៍បាន ។ នេះជាមូលហេតុមួយ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញនេះដែរ ។ ដូច្នេះវាជាកំហុសរបស់អាជ្ញាធរ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន ឬអាជីវករបើកហាងលក់កាហ្វេ ដោយមិនគិតអំពីចំណតឲ្យបានច្បាស់លាស់ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទមើលឃើញថា បញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុងសព្វថ្ងៃ មួយផ្នែកដោយសារតែហាងផឹកស៊ី ហាងកាហ្វេ ក៏ដូចជាភោជនីយដ្ឋាន រួមទាំងហាងទំនិញផង មិនមានចំណតត្រឹមត្រូវឲ្យអតិថិជនរបស់ខ្លួន ។ ម្ចាស់អាជីវកម្ម ខ្លះយកចិញ្ចើមផ្លូវធ្វើជាចំណត ដែលជាមូលហេតុធ្វើឲ្យផ្លូវកាន់តែរួមតូច ហើយជាពិសេស គឺមិនអាចឲ្យអ្នកធ្វើជើងធ្វើដំណើរបាននោះឡើយ ។ អាជ្ញាធរតែងតែរអ៊ូរទាំអំពីការលំបាកក្នុងការរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែគឺអាជ្ញាធរនេះហើយដែលជាអ្នកបង្កឲ្យមានបញ្ហាខាងសណ្តាប់ធ្នាប់ ព្រោះជាអ្នកអនុញ្ញាតឲ្យគេបើកហាងដោយមិនគិតគូរអំពីបញ្ហាចំណតជាមុននោះ ។ សាលារាជធានីភ្នំពេញតែងតែដាស់តឿន និងប្រកាសថា ត្រូវមានចំណត មុននឹងបើកហាង ធ្វើអាជីវកម្មនានា ។ ប៉ុន្តែវិធានការនេះហាក់ដូចជាមិនមានប្រសិទ្ធភាពទេ ។

មិនតែប៉ុណ្ណោះ អគារធំៗ ដែលជួលឲ្យគេធ្វើជាការិយាល័យ ក៏គ្មានចំណតសមរម្យនោះដែរ ។ ជាក់ស្តែងអគារធំមួយខាងលិចមន្ទីរពេទ្យកុមារជាតិ ជួលឲ្យគេបើកក្រុមហ៊ុន ប៉ុន្តែគ្មានចំណតនោះឡើយ ។ បុគ្គលិកក្រុមហ៊ុនដែលធ្វើការនៅក្នុងអគារនេះ បានយកយានយន្តរបស់ខ្លួនផ្ញើជាប់នឹងរបងមន្ទីរពេទ្យកុមារជាតិ ។ ជួនកាលគេផ្ញើយានយន្តលយមកលើចំណែកផ្លូវ ដែលមិនត្រឹមតែបាត់បង់ចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើងប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែផ្លូវសម្រាប់យានយន្តក៏ត្រូវបានកាត់បន្ថយដែរ ។ ចំណុចនេះ អាជ្ញាធរគួរតែពិនិត្យពិច័យ ព្រោះវាជាហេតុផលរួម ដែលអាចកាត់បន្ថយបាន ។ រីឯការដែលអនុញ្ញាតឲ្យម្ចាស់ហាងលក់ទំនិញ, កាហ្វេ, គុយទាវ យកចិញ្ចើមផ្លូវ ឬចំណែកផ្លូវធ្វើជាចំណតយានយន្តនោះ វាក៏អាចចាត់វិធានការដោយច្បាប់បានដែរ ៕

...

ពីប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print