វិភាគព័ត៍មានអន្តរជាតិ៖ វត្តមានអាមេរិកនៅសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យតំបន់កាន់នេះតែប្រឈមនៅបញ្ហាច្រើនឡើង

ចែករំលែក៖

ដូចក្រុមអ្នកវិភាគធ្លាប់បានលើកឡើងថា វត្តមានយោធាអាមេរិក ដល់ទីណា ទីនោះមិនទទួលបានសុខសន្តិភាព ស្ថេរភាព​នោះឡើយ គឺមានតែអំពើហឹង្សា​ សង្គ្រាមស៊ីស៊ីវិល ឬ ប្រឈមមុខតានតឹង រវាងប្រទេសជិតខាង ។ ការប្រឈមមុខតានតឹងនៅក្នុងតំបន់និមួយៗគឺជា ទីផ្សារដ៏សំខាន់ របស់​អាមេរិកនៅក្នុងការ​លក់អាវុធ ។ កាលពីឆ្នាំ ២០១៨ ប្រាក់ចំណូលរបស់អាមេរិក ពីការលក់អាវុធមានរហូតដល់ទៅជិត ៥៦ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ១០ពាន់លានដុល្លារ បើប្រៀបធៀបនិងឆ្នាំ​២០១៧។
ដើម្បីធ្វើឲ្យមុខជំនួញអាវុធ កាន់តែមានទីផ្សារខ្ពស់ គឺត្រូវតែធ្វើឲ្យតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ប្រឈមមុខតានតឹងដាក់គ្នា ។ តំបន់ដែលអាមេរិកសំឡឹងឃើញនាឆ្នាំ​២០១៩នេះ គឺតំបន់អាស៊ីដែលមានសេដ្ឋកិច្ចរីកចំរើនជាងគេទាំងអស់ ។
នៅពេលនេះអាមេរិកបានបង្កើនវត្តមានយោធានៅសមុទ្រចិនភាគខាងត្បូង ដោយ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ របស់អាមេរិក​ B-52 បានហោះហើរនៅតំបន់ជិតប្រជុំកោះ សមុទ្រចិនខាងត្បូង ​។ យន្តហោះទម្លាក់គ្រាប់ B-52H Stratofortness បានហោះហើរចេញពីទីតាំងទ័ពអាកាស Andersen ​លើកោះ​ Guam ​ ចូលរួមសកម្មភាព ហ្វឹកហាត់របស់កម្លាំងទាហានអាកាសអាមេរិក​នៅដែនសមុទ្រប៉ាស៊ីហ្វិក។
នៅក្នុងសេចក្តីប្រកាស របស់កម្លាំងទាហានអាកាសអាមេរិក​បានបញ្ជាក់ថា «យន្តហោះទម្លាក់គ្រាប់មួយគ្រឿង ប្រភេទ B-52 ​បានហោះហើរនៅតំបន់សមុទ្រចិនភាគខាងត្បូង មុនពេល វិលត្រឡប់ទៅកាន់ទីតាំងនៅកោះ​ Guam វិញ ។ចំណែកមួយគ្រឿងទៀតបានហោះហើរ នៅលើដែនអាកាស​ ជិតប្រទេសជប៉ុន​ ជាមួយកម្លាំងទាហានអាកាសជប៉ុន មុនពេលវិលត្រឡប់ទៅកាន់ទីតាំងវិញ»។
សកម្មភាពខាងលើ គឺជាផ្នែកមួយ​នៃការ ហោះហើរ របស់កម្លាំងទាហានអាកាសអាមេរិក ត្រៀមលក្ខណះធ្វើសង្គ្រាម ក្រោមការបញ្ជារ ពីទីបញ្ជាការ​កងទ័ពអាមេរិកប្រចាំនៅប៉ាស៊ីហ្វិក នោះ។​ជើងហោះហើរត្រូវបានធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។
បច្ចុប្បន្នអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រដ៏ទំនើបរបស់ខ្លួន មកកាន់ ទីតាំង​Andersen នៅលើកោះ​ Guam ក្នុងនោះមានយន្តហោះ​ B-1,B-52 និង​ B-2 ។
ក្រៅពីយន្តហោះអាមេរិក ក៏បានបញ្ជូននាវាចម្បាំងពីរគ្រឿង ចូលទៅកាន់ដែនសមុទ្រចិនខាងត្បូង ជិតប្រជុំកោះដែលមានវិវាទ រវាងចិននិងវៀតណាម ។ ក្រៅពីនេះអាមេរិកក៏តែងតែបង្ហាញវត្តមានកម្លាំងទាហានជើងទឹកនៅជិតតៃវ៉ាន់ ហ្វីលីពីន … ដើម្បីទប់ស្កាត់ឥទ្ធិពលយោធារបស់ចិននៅសមុទ្រចិនខាងត្បូង​។
ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង​វិញ​បានចោទប្រកាន់អាមេរិកថា​កំពុងតែបំផ្លាញសុខសន្តិភាព ស្ថេរភាពនិងទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ រវាង ចិន និងប្រទេសនៅតំបន់អាស៊ាន​ដែលមានដែនសមុទ្រ រួមនៅសមុទ្រចិនភាគខាងត្បូង ។
បច្ចុប្បន្ន ប្រទេស​ចិន​បាន​ធ្វើការ​ជាមួយ​នឹង​ក្រុម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន​អំពី​ក្រុមប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​អាក្រក់​ផ្សេងៗ​មិន​ឲ្យ​កើត​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា​ផ្នែក​ដែន​សមុទ្រ។

ភាគី​ទាំងអស់​បាន​ឯកភាព​គ្នា​ចាប់ផ្ដើម​ការ​ពិភាក្សា​អំពី​ក្រុមប្រតិបត្តិ​រួមគ្នាប៉ុន្តែ​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ឡើយ​គិត​ត្រឹម​ឆ្នាំ ២០១៨ ហើយ​ក៏​គ្មាន​ការ​រំពឹង​ទុក​ភ្លាមៗ​ណា​មួយ​ថា​នឹង​មាន​ដំណោះស្រាយ​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ​ដែរ។
ប្រទេស​ចិន​ចង់​បន្ត​ការ​ពិភាក្សា​ក្នុង​លក្ខណៈ​រវាង​ប្រទេស​និង​ប្រទេស និង​អំពី​គម្រោង​សាងសង់​កោះ​ជា​មុន​សិន ដោយសារតែ​ខ្លាច​ថា ក្រម​ប្រតិបត្តិ​នេះ​នឹង​រឹតត្បិត​សកម្មភាព​នានា​របស់​ខ្លួន​នៅ​ពេល​អនាគត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ផ្នែក​ដែន​សមុទ្រ។

ប្រទេស​ចិន​កំពុង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រជុំ​កោះ Paracel។ ប្រទេស​ចិន​បាន​តាំង​ទី​យន្តហោះ​ចម្បាំង និង​ប្រហែល​ទំនង​ជា​បាន​ដាក់​គ្រាប់​មីស៊ីល​នៅ​លើ​ប្រជុំ​កោះ Spratly ដែល​ខ្លួន​កំពុង​កាន់កាប់​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​របស់​សហរដ្ឋ​អាមេរិក។

លោក Jonathan Spangler ប្រធាន​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «យុទ្ធសាស្ត្រ​របស់​ចិន​ទាក់ទង​នឹង​ក្រម​ប្រតិបត្តិ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មើល​ឃើញ​ថា​ខ្លួន​មាន​ឆន្ទៈ​ចង់​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​នេះ ប៉ុន្តែ​ធាតុ​ពិត​គឺ​ប្រទេស​ចិន​ចង់​ពន្យារ​ពេល​ឲ្យ​កាន់តែ​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ​»។

លោក Alan Chong សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ S. Rajaratnam សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «ជា​ទូទៅ ខ្ញុំ​គិត​ថា បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ជាប់​សមុទ្រ មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ប្រទេស​ចិន។ ក្នុង​ចំណោម​នោះ យើង​ឃើញ​មាន​ដូចជា​ប្រទេស​ហ្វីលីពីន​របស់​លោក​ប្រធានាធិបតី Duterte ផង​ដែរ ដែល​ទោះបីជា​លោក Duterte បាន​បង្ហាញ​ពី​ចំណង​មិត្តភាព​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​កាល​ពី​ដើម​ឆ្នាំ ២០១៨ ក៏​ដោយ ក៏​លោក​នៅតែ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ប្រទេស​ចិន​ដដែល»។

លោក​ប្រធានាធិបតី Rodrigo Duterte មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ចិន តាំង​ពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដែល​ទំនាក់ទំនង​នេះ​ឈាន​ដល់​កម្រិត​កំពូល​នៅ​ពេល​លោក​ប្រធានាធិបតី Xi Jinping ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print