តាមសារព័ត៌មាន SCMP បានផ្សាយថា នៅព្រឹកថ្ងៃទី៧ខែមីនា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានដាក់លិខិតប្តឹងរដ្ឋាភិបាលអាមេរិកឡើងទៅកាន់តុលាការ រដ្ឋតិចសាស ដែលជាទីតាំង ក្រុមហ៊ុន Huawei បើកសាខានៅទីនោះ។ ក្រុមហ៊ុន Huawei បានលើកឡើងថា រដ្ឋាភិបាលបានដាក់ទណ្ឌកម្ម ដោយមិនចាំបាច់ឆ្លងកាត់ការកាត់ទោស ដែលជាការបំពានច្បាប់ រដ្ឋធម្មនុញ្ញ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនយក្សមួយនេះ បាននិយាយថា សភាសហរដ្ឋអាមេរិក មិនបានផ្តល់ជូននូវភស្តុតាងណាមួយដើម្បីគាំទ្រការរឹតបន្តឹងរបស់ពួកគេនោះឡើយ។សហរដ្ឋអាមេរិក បានដាក់បំរាមនេះលើទីភ្នាក់ងាររដ្ឋាភិបាលពីការប្រើប្រាស់ផលិតក្រុមហ៊ុន Huawei ដោយសារតែក្តីកង្វល់ពីការប្រឈមនឹងបញ្ហាសន្តិសុខជាតិ។
វាបានធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកគេចចេញពីក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះផងដែរ។ក្រុមហ៊ុន Huawei បានបន្តតវ៉ាបែបនេះ ក្រោយការពិនិត្យពិច័យអន្តរជាតិដ៏តានតឹងអស់រយៈពេលជាច្រើនខែរួចមកនោះ។
លោកកាវ ពីង គឺជាប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បាននិយាយថា សភាសហរដ្ឋអាមេរិក មិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការរឹតបន្តឹងរបស់ពួកគេនោះឡើយ លើផលិតផលក្រុមហ៊ុន Huawei។ យើងត្រូវតែបង្ខំចិត្តចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងវិធានការមួយនេះ។
លោកបន្តថា បំរាមមួយនេះ វាមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាបានដាក់កំហិតក្រុមហ៊ុន Huaweiពីការចូលរួមការប្រកួតកួតប្រជែងទីផ្សារយុត្តិធម៌ផងដែរ ហើយចុងក្រោយវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក ៕