គម្រោងច្រៀងនៅអាមេរិករបស់ព្រាប សុវត្ថិ និងកូនប្រុសមិនប្រែប្រួល

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាលេចចេញដំណឹងអំពីការប្រកាសពហិការមិនចូលរួមទស្សនាការសម្តែងរបស់លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ នៅសហរដ្ឋអាមេរិកពីសំណាក់អាណិកជនខ្មែររស់នៅទីនោះមួយចំនួនក្តី ក៏គម្រោងចាកចេញនេះមិនមានការប្រែប្រួលឡើយ។ ក្រៅពីការមិនប្រែប្រួលអ្នកសម្របសម្រួលកម្មវិធីនៅទីនោះថែមទាំងរំពឹងថាកម្មវិធីប្រគំតន្ត្រីនេះនឹងធ្វើឲ្យកក្រើកដល់ភ្ញៀវចូលរួមដែលភាគច្រើនជាអាណិកជនខ្មែរ។
គេដឹងថាព្រាប សុវត្ថិ និង​កូន​ៗ​ទាំង​៣​ បូករួម​ទាំង​​ក្រុម​ភ្លេង​លោក​ផង គ្រោង​នឹង​ទៅ​ធ្វើ​បេសកកម្ម​សិល្បៈ​ជា​ថ្មី​ទៀត​នៅ​សហរដ្ឋអាមេរិក ក្រោយ​ពី​ខកខាន​អស់​ពេល​ប្រមាណ​៦​ឆ្នាំ។ ថ្មីៗនេះមានការបំផុសបំផុលពីសំណាក់អ្នករស់នៅទីនោះមួយចំនួនលើកឡើងថា ពួកគេនឹងមិនចូលរួមទស្សនាការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងរូបនេះទេ ហេតុផលដែលតារារូបនេះក៏មានតួនាទី និងការងារក្នុងក្រមខណ្ឌមន្ត្រីការពារជាតិនៅកម្ពុជា ។ ទោះជាយ៉ាងណាការបំផុសបំផុលនេះហាក់មិនទទួលបានការគាំទ្រច្រើននោះទេ។
តាមការបញ្ជាក់របស់អតីត​តារា​ចម្រៀង ហង្ស ឈា បញ្ជាក់​ថា នេះ​គឺ​ជា​ជំហាន​ថ្មី​ដ៏​ធំ​មួយ​ទៀត​នៅ​ក្នុង​បេសកកម្ម​បម្រើ​អារម្មណ៍ និង​ភាព​សប្បាយ​រីករាយ​របស់​បង​ប្អូន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ដោយ​កាល​ពី​ប្រមាណ​៦​ឆ្នាំ​មុន លោក​បាន​ធ្វើ​ម្ដង​ហើយ​ជាមួយ​កំពូល​តារា​ចម្រៀងមកកពីកម្ពុជារូបនេះ ដែលកាន់តែពិសេសគឺអមដំណើរដោយកូនប្រុសទាំងបីដែលពោរពេញដោយសមត្ថភាព និងទេពកោលស្យ។ លោក​ថា លើក​នេះ លើក​នេះ​ខុស​ប្លែក និង​រឹត​តែ​ធំ​ជាង​មុន ហើយ​លោក​មាន​ក្ដី​រំពឹង​ខ្ពស់​លើ​ការងារ​នេះថានឹងទទួលបានជោគជ័យ។ លោក ចាត់ទុកវាថា​ជា ព្រឹត្តិការណ៍​តន្ត្រី​ទេសចរណ៍​ធំ​បំផុត​នៅ​អាមេរិក ហើយ​ខ្ញុំ ក៏​ដូច​ជា​ដៃគូ​រៀប​ចំ សង្ឃឹម​ខ្ពស់​ថា​នឹង​ជោគជ័យ ព្រោះ​ថា កាល​ពី​បង ព្រាប សុវត្ថិ មក​កាល​ពី​៦​ឆ្នាំ​មុន​តែ​ម្នាក់​ឯង ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់ ហើយ​លើក​នេះ មាន​កូន​ៗ​គាត់​ទាំង​៣ ទៀត ដែល​ពួក​គេ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ទៀត។ ដូច្នេះលោកជឿ​ថា នឹង​មាន​ការ​គាំទ្រ​ខ្លាំង​ជាង​មុន និង​សប្បាយ​ជាង​មុន។
តាមការគ្រោងទុក លោក ព្រាប សុវត្ថិ និង​កូន​ទាំង​៣ នៅ​មាន​ក្រុម​ភ្លេង និង​តារា​ចម្រៀង​ស្រី​ក្នុង​ក្រុម​ភ្លេង​លោក​ម្នាក់​ទៀត សរុប​មាន​គ្នា ៩នាក់ នឹងត្រូវធ្វើដំណើររួមគ្នាទ្រង់ទ្រាយធំដើម្បីចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសមហាអំណាចពិភពលោកនេះនៅពាក់កណ្តាលខែមេសាខាងមុខ ។ ក្រុមតារាចម្រៀង និងតន្ត្រីករនេះក៏ នឹង​ត្រូវ​ស្នាក់​នៅ​អាមេរិក​យ៉ាង​តិច ២ ទៅ ៣​ខែ​ឯណោះ ព្រោះ​តាម​អ្នក​រៀប​ចំ ពួក​គេ​មាន​កាលវិភាគ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដំណើរ​សម្ដែង​ទៅ​កាន់​រដ្ឋ និង​ទីក្រុង​របស់​អាមេរិក ប្រមាណមិនតិចជាង ២០ ទីក្រុងនោះទេដូច​ជា ទី​ក្រុង ឡូវែល ឡុងប៊ិច បូស្តុន ស្ដុកតុន លីន ហ្វីឡាដែលហ្វៀ រដ្ឋ ផ្លរីដា និង​រដ្ឋ ទីក្រុង​ធំ​ៗ​ជា​ច្រើន​ទៀត ដែល​មាន​បង​ប្អូន​ខ្មែរ​រស់​នៅ​ច្រើន។ បេសកកម្ម​នេះ លោក​ថា ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ ដល់​បង​ប្អូន​ខ្មែរ​ជា​ពិសេស នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print