ខេត្តបន្ទាយមានជ័យ៖ ម្ចាស់ផ្ទះនិងអ្នកលេងល្បែងប្រុសស្រីសរុប៩នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណចុះបង្ក្រាបចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីយកមកចាត់ការតាមនីតិវិធី កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ២ ភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
កម្លាំងនគរបាលចាប់ម្ចាស់ផ្ទះ និងអ្នកលេងល្បែងខាងលើអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺលុបបំបាត់នូវការលេងល្បែង ស៊ីសងខុសច្បាប់ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ ការលេងល្បែងស៊ីសង ត្រូវគេនិយាយថាអាចបង្កឱ្យកើតបទល្មើស ដូចជាអំពើហិង្សាក្នុងគ្រួសារ និងចោរលួច ឆក់ ប្លន់ជាដើមនោះ ។
កម្លាំងនគរបាលក្រុងសិរីសោភ័ណទៅលើម្ចាស់ផ្ទះ ឈ្មោះ អូន គា ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ ចាប់ខ្លួនអ្នកលេង បានចំនួន៨នាក់ ថែមទៀតមាន ១.ឈ្មោះសៀង គឹមសួ ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់ កំពង់ស្វាយ។ ២.ឈ្មោះឆាយ ពៅ ភេទស្រី អាយុ៥១ឆ្នាំ។ ៣-ឈ្មោះចន ចយ ភេទប្រុស អាយុ៤៩ឆ្នាំ។ ៤-ឈ្មោះ អឿន ហួ ភេទស្រី អាយុ៥៤ឆ្នាំ។ ៥-ឈ្មោះ ឈុន ហៀង ភេទប្រុស អាយុ៥៥ឆ្នាំ ទាំង៥នាក់ នៅភូមិ២ សង្កាត់ព្រះពន្លា។ ៦-ឈ្មោះនូ សុណែត ភេទប្រុស នៅភូមិខ្លាកូនថ្មី។ ៧-ឈ្មោះសឿន ព្រីង ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រះពន្លា។ និង៨-ឈ្មោះកែវ ណារី ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិតារាងបាល់ ។
ដកហូតបានវត្ថុតាងកំរាល២, បៀរ១ហ៊ូ, មេខ្លាឃ្លោក, កញ្ច្រែង១, ចាន៣, ផ្តិលជ័រគ្រប៥ , ម៉ូតូ២គ្រឿង អ្នកលេងល្បែងនេះ គឺ២វង់ លេងបៀរ១វង់ និងលេងចាក់ខ្លាឃ្លោក១វង់ ។
ចំពោះវត្ថុតាង និងក្រុមអ្នកលេងល្បែងនិងម្ចាស់ផ្ទះ ប្រុសស្រីទាំង៩នាក់ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា