រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាព ព្រំដែនកាស្មៀរ រវាងឥណ្ឌានិងប៉ាគីស្ថានមិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ ។ ដោយកម្លាំងទាហានប្រទេសបានបង្កើតវត្តមាននៅតាមបណ្តោយព្រំដែន ។ ក្រៅពីនេះក៏មានអាវុធទំនើបៗជាច្រើន បញ្ជូនទៅកាន់ទីនោះ ត្រៀមប្រយុទ្ធ ។
កម្លាំងទាហានអាកាសឥណ្ឌាបានបញ្ជាក់ថា យន្តហោះចម្បាំង ប្រភេទ MiG-21 បានធ្លាក់នៅជាយក្រុង Bikaner ចម្ងាយពីព្រំដែន ប៉ាគីស្ថានប្រមាណ១០០គីឡូម៉ែត្រ កាលពិរសៀលថ្ងៃទី៨ខែមីនា ។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីពីមន្ត្រីទាហានអាកាសឥណ្ឌា បានឲ្យដឹងថា អាកាសយានិក MiG-21 បានលោតឆ័ត្រយោងចេញទាន់ពេលវេលា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកំពុងតែបើកការស្រាវជ្រាវ។ មន្ត្រីទាហានឥណ្ឌាលើកឡើងថា យន្តហោះខាងលើអាចប៉ះជាមួយសត្វស្លាប។
កន្លងមក កាលពីថ្ងៃទី២៧ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា យន្តហោះចម្បំាង MiG-21 បានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថាន មួយគ្រឿង នៅតំបន់ព្រំដែន កាស្មៀ ។ ជាមួយគ្នានោះឥណ្ឌាក៏បានបាត់បង់យន្តហោះចម្បាំង MiG-21 ២គ្រឿងផងដែរ ដោយរងការបាញ់ប្រហារពី ប៉ាគីស្ថាន ។
ស្ថានភាពរវាងឥណ្ឌានិងប៉ាគីស្ថាននៅត្រាព្រំដែន កាន់តែតានតឹង ហើយប្រទេសទាំងពីរបានបង្កើនកម្លាំងទាហាន និងសព្វាវុធជាច្រើន នៅតំបន់ព្រំដែន បង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមជាទ្រងទ្រាយធំកើតឡើង អាចក្លាយទៅជាសង្គ្រាម បរមាណូ៕
ឥណ្ឌាជីករូងក្រោមដីរាប់ពាន់ ដើម្បីបញ្ចៀសគ្រាប់បាញ់ប្រហារពីប៉ាគីស្ថាន
ក្នុងពេលដែលប្រទេសទាំងពីរកំពុងតែ ប្រឈមនឹងសង្គ្រាម ជាទ្រង់ទ្រាយធំអាចក្លាយទៅជាសង្គ្រាម បរមាណូ ដោយពេលនេះកម្លាំងទាហានប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកនៅតំបន់ព្រំដែនកាស្មៀរ។
ដោយហេតុនោះហើយឥណ្ឌាបានបង្កើន ជីករូងក្រោមដី បង្កើតត្រងសេ ដល់ទៅ១៤ពាន់ត្រងសេនៅតាមបណ្តោយព្រំដែន ជាប់ប៉ាគីស្ថាន សម្រាប់ការពារខ្លួនពេលសង្គ្រាមកើតឡើង ។
ពលរដ្ឋឥណ្ឌានៅតំបន់ព្រំដែន បានបញ្ជាក់ថា ការភៀសខ្លួនទៅមកៗ ពិតជាហត់នឿយខ្លាំងណាស់ នៅពេលដែលទាហានប្រទេសទាំងពីរ ប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ។ ទាំងនោះហើយ បានជាពលរដ្ឋឥណ្ឌាតាមព្រំដែន បង្កើតត្រងសេសម្រាប់ការពារខ្លួន។
នៅពេលនេះដែរក្រុមវិស្វកររបស់ រដ្ឋាភិបាលឥណ្ឌា បានជួយសាងសង់ ត្រងសេ ដល់ពលរដ្ឋដើម្បីលាក់ខ្លួនពេលមានការផ្ទុះអាវុធដាក់គ្នាដោយមិនចាំបាច់ភៀសខ្លួន។ ប្រាស់សម្រាប់សាងសង់ ត្រងសេ ត្រូវចំណាយដល់ទៅ៥៩លានដុល្លារ ៕
ផ្ទុះគ្រាប់បែកនៅរដ្ឋ Jammu និងកាស្មៀរ ស្លាប់និងរបួសជាច្រើន
ប៉ូលិសឥណ្ឌាបានបញ្ជាក់ថា នៅថ្ងៃ៧ខែមីនា មានករណីផ្ទុះគ្រាប់បែកកើតឡើងនៅស្ថានីយរថយន្តក្រុង នៅទីក្រុង Jammu និងកាស្មៀរ បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់ និងរបួសជាច្រើន ។ ហេតុការណ៍បំផ្ទុះគ្រាប់បែក ខាងលើកើតឡើងក្រោយពេលជាងមួយសប្តាហ៍ដែលមានការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ប៉ូលិសឥណ្ឌា៤០នាក់។
នៅពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាសកម្មភាពរបស់ខ្លួននៅឡើយទេ ។ ប៉ុន្តែ ក្រុមសន្តិសុខឥណ្ឌា សង្ស័យ ថាអាចជាក្រុមភេរវកម្មដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ។
ស្នងការនគរបាលក្រុងចាំមូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា លោកសូមស្នើសុំឲ្យអ្នករាល់គ្នារក្សាភាពស្ងប់ស្ងាត់ ហើយយើងនឹងតាមប្រម៉ាញ់មេខ្លោងឈរនៅពីក្រោយការវាយប្រហារលើកនេះ។
ក្រុមអ្នកឯកទេសបានលើកឡើងថា វាអាចជាការវាយប្រហាររបស់ក្រុមភេរវកម្មមកពីប្រទេសប៉ាគីស្ថាន ក្រោយពេលដែលឥណ្ឌា បាញ់ប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្មនៅលើទឹកដីប៉ាគីស្ថាន ៕
ប៉ាគីស្ថានបន្ថែមកម្លាំងទាហាននៅជាប់ព្រំដែនឥណ្ឌា
ប៉ាគីស្ថានបាន បង្កើន ចំនួនទាហាន និង សព្វាវុធ ទៅកាន់ព្រំដែនជាប់ប្រទេសឥណ្ឌានៅតំបន់កាស្មៀរ ជាការត្រៀមលក្ខណៈទប់ទល់នឹងសកម្មភាពវាយប្រហារ ពីឥណ្ឌា ។
កាលពីថ្ងៃទី៦ខែមីនា កម្លាំងទាហានឥណ្ឌា បានព្រមានប៉ាគីស្ថាន មិនត្រូវវាយប្រហារសម្តៅទៅលើពលរដ្ឋស្លូតត្រង់រស់នៅតាមបណ្តោយព្រំដែននោះឡើយ ហើយបើប៉ាគីស្ថាននៅតែបន្តសកម្មភាពនោះនឹងមានរឿងអាក្រក់កើតឡើងជាមិនខាន់ឡើយ។
ការព្រមានខាងលើរបស់ឥណ្ឌាបានកើតឡើងក្រោយពេលដែល ប៉ាគីស្ថានបានប្រើប្រាស់ កាំភ្លើងធំ ទំហំ១៥៥មីលី្លម៉ែត្រវាយប្រហារទីតាំងយាមល្បាតរបស់ឥណ្ឌា ក្នុងតំបន់ Nowshera ។
ការបញ្ជូនកម្លាំងទាហានរបស់ប៉ាគីស្ថានកើតឡើងក្រោយពេលដែល ឥណ្ឌាបានបញ្ជូនអាវុធទំនើបៗជាច្រើនមកកាន់ព្រំដែន បង្កក្តីបារម្ភពីការវាប្រហារគ្នាជាទ្រង់ទ្រាយធំ៕