ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹងហើយត្រលប់មកផ្ទះខឹង ឪពុកបង្កើតយកអង្ករបន្តិចបន្តួចទៅលក់ដើម្បីទិញម្ហូបក៏ទាញយកដំបងបំរុងវាយ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិជុប ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមសមត្ថកិច្ចនគរបាលបង្ហើបឲ្យដឹងថា កូនចិត្តធំដែលហ៊ានលើកដៃវាយឪពុកបង្កើតមានឈ្មោះ ទិត សាវេត អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ។ រីឯជនរងគ្រោះដែលជាឪពុកមានឈ្មោះ ទិត គីម អាយុ៧២ ឆ្នាំមុខរបរកសិករ រស់នៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមអ្នកភូមិរបងជាមួយ បានប្រាប់ឲ្យដឹងថា យុវជននេះពេលផឹកស្រាស្រវឹងម្តងៗតែងតែមកដល់ផ្ទះរករឿងឪពុកមិនតែប៉ុណ្ណោះគឺដើរអុកឡុកក្នុងភូមិព្រមទាំងឃើញមាន់ទារបស់ប្រជាពលរដ្ឋប្រហេសបន្តិចគឺបាត់តែម្ដង ។
ប្រជាពលរដ្ឋបាននាំគ្នាខ្សិបខ្សេវគ្នាថា បើសិនជាសមត្ថកិច្ចនគរបាលដោះលែងយុវជនម្នាក់ឲ្យចេញក្រៅឃុំនោះច្បាស់ជាធ្វើបាបឪពុកជាក់ជាមិនខាននោះទេ ។
ចំពោះយុវជនចិត្តធំក្រោយពីសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន ដើម្បីសាកសួរនិងអបរំនៅប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយរួចមកក៏បានដោះលែងវិញមិនដឹងមូលហេតុអ្វីនោះទេ ។
ពាក់ពន្ធ័នឹងការដោះលែងជនបង្កជាកូននោះ នគរវត្តមិនអាចសុំការបំភ្លឺពីលោកកែវសោភ័ណ្ឌអធិការនគរបាលស្រុកស្វាយទាបបានទេនារសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០១៥ព្រោះគ្មានលេខទូរសព្ទ៏ ៕
ដោយ៖ យឹម សុថាន