ស្ត្រីម្នាក់ ក្នុងចំណោមពីរនាក់ ជាប់ចោទសម្លាប់ បងប្រុសលោក គីម ជុងអ៊ុន ត្រូវបានដោះលែង

ចែករំលែក៖

ស្ត្រីជនជាតិឥណ្ឌូនេស៊ី នាង Siti Aisyah បានស្រក់ទឹកភ្នែក រន្ធត់ចិត្ត ហើយអោបដៃគូ ជាប់គុកជាមួយនាង គឺនាង Doan Thi Huang ជនជាតិវៀតណាម នៅមុនពេលចាកចេញពីពន្ធនាគារ បន្ទាប់ពី តុលាការម៉ាឡេស៊ីដោះលែងនៅពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។

នាង Siti Aisyah និយាយប្រាប់ក្រុមអ្នកកាសែតថា នាងទើបតែដឹងព័ត៌មានដោះលែងនៅព្រឹកមិញនេះទេ «ខ្ញុំរន្ធត់ សប្បាយរីករាយខ្លាំងណាស់ ។ ខ្ញុំមិននឹកស្មានដល់ទេ» ។តុលារការម៉ាឡេស៊ីបញ្ជាក់ថា បានទម្លាក់ការចោទប្រកាន់ ទៅលើនាង Aisyah ក្រោយចៅក្រមស៊ើបសួរ ដកការចោទប្រកាន់ទោសមនុស្សឃាតទៅលើរូបនាង ។

ព្រះរាជអាជ្ញាម៉ាឡេស៊ី Iskandar Ahmad ថ្លែងថា ការដោះលែងនេះ មិនមែនដោយសារការបង់ប្រាក់ធានាអ្វីឡើយ ។ ផ្ទុយទៅវិញ Aisyah អាចចោទប្រកាន់ គ្រប់ពេល នៅពេលអនាគត តែពេលនេះ មិនទាន់នោះទេ ។មេធាវីការពារក្តី Aisyah បញ្ជាក់ថា កូនក្តីគាត់ត្រូវបានបញ្ជូនចេញពីអគារពន្ធនាគារ ធ្វើដំណើរតាមរថយន្តស្ថានទូត ទៅកាន់ស្ថានទូតឥណ្ឌូនេស៊ី ហើយអាចនឹងធ្វើដំណើរតាមជើងហោះហើរទៅកាន់ទីក្រុង Jakarta ឆាប់ៗនេះ ។

លោក គីម ជុងណាម បងប្រុសម្តាយទីទៃរបស់ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានរងការវាយប្រហារធ្វើឃាតដោយអាវុធគីមី ខណៈកំពុងស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងកូឡាឡាំពួរ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ បើតាមរូបភាពវីដេអូតាមដានសុវត្ថិភាពរបស់ព្រលាន គេឃើញមានស្ត្រីពីររូប ដើរប្រកិតតាមក្រោយ គីម ជុងណាម ហើយពេលទៅដល់កៀក ក៏ជះវត្ថុរាវទៅលើមុខ ដែលធ្វើឲ្យលោក គីម ជុងណាម ដួលដេកដីភ្លាម។

ស្ត្រីទាំងពីរនោះ ម្នាក់ជាជនជាតិ ឥណ្ឌូណេស៊ី និងម្នាក់ទៀតជាជនជាតិវៀតណាម អាចនឹងត្រូវជាប់ទោសដល់ប្រហារជីវិត។ នៅចំពោះមុខតុលាការ ក៏ដូចជាក្រោយពេលចាប់ខ្លួនភ្លាម ស្ត្រីទាំងពីរបានអះអាងថា ខ្លួនបរិសុទ្ធ គ្មានពាក់ព័ន្ធនឹងឃាតកម្មនេះទេ ព្រោះពួកគេត្រូវបានជួលឱ្យមកចូលរួមថតកម្មវិធីកំសាន្តតាមទូរទស្សន៍ប៉ុណ្ណោះ ៕  សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print