អត់រាង!! ចេញពីគុកលួចទៀត ត្រូវនគរបាលចាប់ខ្លួនទៀត

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ទើបចេញពីពន្ធនាគារបានរយះពេលជាងកន្លះខែ មិនរាងចាល ធ្វើសកម្មភាពលួចម្ដងទៀត ចុងក្រោយត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់សំណាញ់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​  អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវចាប់ខ្លួន បន្ទាប់ជនសង្ស័យខាងលើចូលធ្វើសកម្មភាពលួចលុយនិងទូរស័ព្ទរបស់ពលរដ្ឋជិតខាងអស់មួយចំនួន ។ ករណីលួចខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣និង​១០នាទី ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ដួង ចំណាប់ ហៅអូនតូច ភេទប្រុស អាយុ ៣១ឆ្នាំ (ទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩) រីឯជនរងគ្រោះឈ្មោះ ឡេង សុផានិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា ។

ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ប្រាក់ដុល្លារចំនួន៣៥០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន២០​ម៉ឺនរៀល ,លោហៈធាតុពណ៌លឿង ដុំមូលមួយដែលមានអង្កត់ផ្ចិត ១៤ម.ម និងកម្រាស់ ៤ម.ម ,នាឡិកាដៃ ម៉ាកសេកូ (Seiko) ខ្សែស្បែក ពណ៌ខ្មៅ តួពណ៌មាស១គ្រឿង ,កូនសោរ ពណ៌ស ម៉ាក Mason ១គ្រឿង ,កាបូបស្បែក ពណ៌ទឹកប៊ិចចាស់ចំនួន១ និងទូរស័ព្ទដៃ៥គ្រឿង ។

ប្រភពដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង១២និង៣០នាទីយប់ ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ក៏បានចូលសម្រាកក្នុងផ្ទះជួលរបស់ខ្លួនខាងលើ ដោយពុំបានបិទទ្វារ និងចាក់សោរផ្ទះបាយនៅខាងក្រោយឡើយ ដោយជនរងគ្រោះបានទុកកាបូបយួដៃពណ៌ខ្មៅ ដែលមានសម្ភារមួយចំនួនដូចបានរៀបរាប់ខាងលើ លុះព្រឹកឡើងវេលាម៉ោង៦ ជនរងគ្រោះ ក៏ភ្ញាក់ពីដេកឡើងមករកកាបួបយួរដៃរបស់ខ្លួនដែលទុកនោះមិនឃើញ ហើយទ្វារផ្ទះបាយខាងក្រោយចំហរ ក៏នាំគ្នាដើររកសម្ភារតែមិនឃើញ ទើបដឹងថា មានចោរចូលលួចយកសម្ភារទាំងនោះបាត់ ។ ភ្លាមនោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងមកការិយាល័យ ជំនាញ ដើម្បីជួយធ្វើការស្រាវជ្រាវ រកមុខសញ្ញាចាត់ការតាមច្បាប់ ។

ក្រោយពីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក ភ្លាមនោះក៏ធ្វើការសហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកវិទ្យា និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់សំណាញ់ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតរកមុខជនសង្ស័យខាងលើយកមស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ដួង ចំណាប់ ហៅអូនតូច បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិរបស់ជនរងគ្រោះក្នុងមួយយប់បានចំនួន២លើក ដោយនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២រំលងអាធ្រាត ខ្លួនបានជិះកង់ចេញពីផ្ទះ ទៅធ្វើសកម្មភាពលួចទូរស័ព្ទចំនួន២គ្រឿង  រួចក៏ត្រឡប់មកផ្ទះវិញ លុះដល់វេលាម៉ោង៤ទៀបភ្លឺ ក៏បានជិះកង់ទៅធ្វើសកម្មភាពលួចជាលើកទី២ យកបានទូរស័ព្ទ៣គ្រឿង និងលុយមួយចំនួនទៀតផងដែរ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញឲ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាលួចយ៉ាងសកម្ម ហើយជនសង្ស័យរូបនេះ ជាមុខសញ្ញាទើបចេញពីពន្ធនាគារបានចំនួនជាងកន្លះខែមកហើយ  តែមិនរាងចាល ក៏ធ្វើសកម្មភាពលួចម្ដងទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print