ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ឌ៦កើតខែផល្គុនឆ្នាំចសំរឹទ្ធិ ស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១១ខែមីនាឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈជាការឯកភាពរាជធា នីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២ និងកងកំលាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងសន្តិសុខ ការរៀបចំសណ្ដាប់ធ្នាប់ និងជម្រុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
លោក ឃួង ស្រេង បានមានប្រសាសន៍ឲ្យដឹងថា ៖ បញ្ហាការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់គឺជារឿងសំខាន់មួយដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាទៅតាមការដាក់ចេញរបស់ក្រសួងមហាផ្ទៃ ទប់ស្កាត់ អំពើចោរកម្មចោរលួចចោរប្លន់ ដោយត្រូវដាក់កម្លាំង នៅតំបន់ដែលមានបញ្ហាស្មុកស្មាញ ហើយបញ្ហាការជួញដូរមនុស្ស ក៏ត្រូវតែពង្រឹងនិងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់លើបញ្ហានេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរនិងសមត្ថកិច្ចរបស់យើង។
លោកបញ្ជាក់ថា៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនេះគឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នាក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពរដ្ឋត្រូវតែយកចិត្តទុកដាក់រួមគ្នាដើម្បី ការងារនេះឱ្យបានល្អប្រសើរឡើង ទោះបីការងារ មួយចំនួនយើងអនុវត្តមិនទាន់បានល្អប្រសើរនៅឡើយក្តី។
ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ លោក ឃួង ស្រេង ក៏បានរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ដោយត្រូវចាត់ក្រុមមន្ត្រីចុះធ្វើការត្រួតពិនិត្យនៅតំបន់ ដែលងាយនិងមានការកកស្ទះចរាចរណ៍ ដោយយើងដាក់កម្លាំងដើម្បីដោះលើបញ្ហាកកស្ទះចរាចរណ៍នេះ ហើយបើនៅខណ្ឌណាមានកម្លាំងមិនគ្រប់ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញដើម្បីឲ្យ អាជ្ញាធររាជធានីចាត់វិធានការបន្តទៀត។ ជាមួយគ្នានេះដែរយើងនឹងរៀបចំផ្លូវមួយចំនួនទៅជាផ្លូវឯកទិសឲ្យបានច្រើនបំផុត ផ្តល់លទ្ធភាពឲ្យរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈអាចធ្វើចរាចរណ៍បានលឿនបម្រើទៅតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះការសង់រូបបុណ្យ រោងការនៅលើផ្លូវសាធារណៈគឺអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ធ្វើការណែនាំដាច់ខាត មិនឲ្យពួកគាត់សាងសង់រោងនៅលើទ្រូងផ្លូវបិទការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឡើយ។
ពាក់ព័ន្ធនឹងការផ្តល់សេវា ជូនប្រជាពលរដ្ឋលោកឃួងស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយក៏ដល់ពេលដែលយើងត្រូវវះយកសាច់ស្អុយចេញ គឺមិនឲ្យមានការយកលុយក្រៅច្បាប់កំណត់នោះទេ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឃួងស្រេង ក៏បានណែនាំនិងជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធការបង្ការគ្រោះអគ្គិភ័យអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែល អាកាសធាតុពេលនេះមានការប្រែប្រួលនិងក្តៅខ្លាំង ហើយនៅតំបន់មួយចំនួនក៏ទទួលរងនូវការឆាបឆេះដោយអគ្គីភ័យដែរនោះ៕ ដោយ៖ សំរិត