ទីផ្សារមូលបត្រ ក្រុមហ៊ុនប៊ូអ៊ិនធ្លាក់ចុះខ្លាំង ក្រោយ មានករណីធ្លាប់យន្តហោះ Ethiopia សម្លាប់មនុស្ស​១៥៧នាក់

ចែករំលែក៖

ទីផ្សារមូលបត្រ(ភាគហ៊ុន) របស់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ិន បានធ្លាក់ចុះដល់ទៅជាង ៥ភាគរយ គឺជាការធ្លាក់ចុះច្រើនបំផុត​មិនធ្លាប់មាន ក្រោយមួយថ្ងៃនៃការធ្លាក់យន្តហោះ​ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍​ Ethiopian Airlines ​។
គ្រោះថ្នាក់ខាងលើ គឺជាលើកទីពីរហើយសម្រាប់យន្តហោះ ផលិតដោយក្រុមហ៊ុនប៊ូអ៊ិន ប្រភេទ​ Boeing 737 MAX 8 ក្នុងរយៈពេល ៥ខែកន្លងមក ដោយគ្រោះថ្នាក់មិនទាន់ដឹងពីមូលហេតុច្បាស់នោះឡើយ​។
គ្រោះថ្នាក់ខាងលើ​ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជុំវិញពិភពលោក ដែលមានយន្តហោះ ប្រភេទ​ Boeing 737 MAX 8 បានផ្អាកការហោះហើរទាំងស្រុង ដើម្បីរងចាំលទ្ធផលថាតើយន្តហោះ​ Ethiopia ជួបគ្រោះថ្នាក់ដោយសារតែមូលហេតុអ្វី ។ ចំណុចទាំងនោះហើយធ្វើឲ្យទីផ្សា​រមូលបត្ររបស់ក្រុមហ៊ុន​Boeing ធ្លាក់ចុះខ្លាំងបំផុត ។
ពាក់ព័ន្ធនិងគ្រោះថ្នាក់​យន្តហោះខាងលើ ក្រុមហ៊ុនអាកាសចរណ៍ Ethiopia ​បានប្រកាសថាបានរកឃើញប្រអប់ខ្មៅ​ទាំងពីររបស់យន្តហោះ​ Boeing 737 ដែលជួបគ្រោះថ្នាក់សម្លាប់មនុស្ស​១៥៧នាក់ ។
ជើងហោះហើរ៣០២​របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ​បានជួបគ្រោះថ្នាក់​ក្រោយហោះហើរបានប្រមាណ​៦នាទីប៉ុណ្ណោះ ។​ ក្រោយសោកនាដកម្មខាងលើ ក្រុមហ៊ុនអាកាសចរណ៍​ Ethiopia ​បានប្រកាសថា​ផ្អាកការហោះហើរ នូវប្រភេទយន្តហោះ​ Boeing 737 MAX 8 ទាំងអស់ខ្លាចមានហេតុការអាក្រក់កើតឡើងជាបន្ត។
យន្តហោះដែលជួបគ្រោះថ្នាក់ ជាយន្តហោះថ្មី​ ទើបតែប្រើប្រាស់ មិនយូរប៉ុន្មានឡើយ ។​ កាលពី​៥ខែមុនយន្តហោះប្រភេទ​ Boeing 737 MAX 8 របស់ក្រុមហ៊ុន​ Lion Air ​របស់ឥណ្ឌូនេស៊ី ក៏បានជួបគ្រោះថ្នាក់សម្លាប់មនុស្ស ១៨៩នាក់ ។ ក្រោយគ្រោះថ្នាក់ផ្ទួនៗគ្នានៅប្រភេទយន្តហោះនេះ ប្រទេសជាច្រើនបានសម្រេច ផ្អាកការហោះហើរ ដើម្បីសុវត្ថិភាពពលរដ្ឋរបស់ខ្លួន​។ ក្រុមហ៊ុនអាកាសចរណ៍ចិន បានសម្រេចផ្អាក រាល់ការហោះហើរ នៃយន្តហោះ​ Boeing 737 MAX 8 ។
នៅពេលនេះក្រុមអ្នកជំនាញកំពុងតែរងចាំ ទិន្នន័យ ហោះហើរនៅក្នុងប្រអប់ខ្មៅ ទើបដឹងច្បាស់ថា​យន្តហោះខាងលើជួបគ្រោះថ្នាក់ដោយសារតែមូលហេតុអ្វី៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print