ក្រុម​ឧទ្ទាម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​វាយប្រហារ​អាកាសយានដ្ឋាន​ Kandahar​ សម្លាប់​មនុស្ស​ច្រើន​នាក់

ចែករំលែក៖

​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រកាស​ថា​ មនុស្ស​យ៉ាងតិច​៣៧​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ​ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ប៉ូលិស​ជាមួយនឹង​ក្រុម​ឧទ្ទាម​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​ស្ថិត​នៅ​អាកាសយានដ្ឋាន​ Kandahar​ ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​ កាលពី​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

3

​ជន​រង​គ្រោះ​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​រហូត​ដល់​២៦​ម៉ោង​ ប៉ុន្តែ​កងកម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ពេល​នេះ​បាន​អះអាង​ថា​ បាន​គ្រប់គ្រង​ស្ថានភាព​ទាំងស្រុង​ហើយ​ផង​ដែរ​ ។​ នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ ។​

​សូម​បញ្ជាក់​ផង​ដែរ​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​មកនេះ​ ក្រុម​ឧទ្ទាម​តា​លី​បង់​ក៏​បាន​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​ទីក្រុង​ Kunduz​ ភាគ​ខាងជើង​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​បាន​មួយ​រយៈពេល​ខ្លី​ផង​ដែរ​ ប៉ុន្តែ​ក្រោយមក​ត្រូវ​កងកម្លាំង​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​មានការ​គាំពារ​ជួយ​ជ្រោង​ពីលើ​ដែនអាកាស​របស់​កងទ័ព​បរទេស​ផង​នោះ​ ក្រុម​ឧទ្ទាម​ក៏​បាន​រត់​ខ្ចាត់ខ្ចាយ​អស់ពី​ទីប្រជុំ​ Kunduz​ នោះ​ ។​

​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​អះអាង​ថា​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​វាយប្រហារ​ទៅ​លើ​អាកាសយានដ្ឋាន​ខាងលើ​នេះ​ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​៣៥​នាក់​ ។​ ជុំវិញ​អាកាសយានដ្ឋាន​នោះ​ សុទ្ធតែ​ជា​លំនៅ​ឋាន​របស់​មន្ត្រី​យោធា​ និង​ជា​បន្ទាយ​របស់​កងទ័ព​ណា​តូ​ផង​ដែរ​ ។​

​បណ្តាញ​ទូរទស្សន៍​ Tolo​ News​ TV​ បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​ឧទ្ទាម​បាន​ស្លៀកពាក់​ឯកសណ្ឋាន​បន្លំ​ខ្លួន​ជា​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​។​ ពួក​គេ​បាន​ឆ្លង​ទម្លុះ​របាំង​របង​ទី​១​ រួច​ចូល​ទៅ​កាន់​អគារ​សាលារៀន​ រួច​បាញ់ប្រហារ​ជាមួយ​កងកម្លាំង​សន្តិសុខ​ដែល​យាមកាម​នៅ​ទីនោះ​ ។​

​សា​ក្ស៊ី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ក្រុម​គ្រួសារ​របស់​កងកម្លាំង​ និង​បាន​ប្រើប្រាស់​ចំណាប់ខ្មាំង​ទាំងនោះ​ធ្វើ​ជា​ឈ្ន​ន់​ ។​ ប្រភព​អះអាង​ថា​ គេ​បានឮ​សំឡេង​របស់​កងកម្លាំងប្រដាប់អាវុធ​បញ្ជា​ឲ្យ​ក្រុម​ឧទ្ទាម​ដោះ​លែង​ចំណាប់​ខ្លួន​ដែល​សុទ្ធតែ​ស្ត្រី​ និង​កុមារ​ទាំងនោះ​ឲ្យ​មាន​សេរីភាព​វិញ​ផង​ដែរ​ ។​

​លោក​ Ahmadullah​ Faizi​ ប្រធាន​អាកាសយានដ្ឋាន​ Kandahar​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​ អ្នកដំណើរ​ខ្លះ​បាន​ជាប់​គាំង​នៅ​ក្នុង​យន្តហោះ​ ដោយសារ​តែ​ការ​វាយប្រហារ​នេះ​ផង​ដែរ​ ។​

​មានការ​រិះគន់​ដល់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា​ បាន​ធ្វេស​ប្រហែល​បណ្តោយ​ឲ្យ​ក្រុម​ឧទ្ទាម​តា​លី​បង់​បញ្ជូន​អាវុធ​ និង​បន្លំ​ខ្លួន​ចូល​ វាយប្រហារ​បែប​នេះ​ ។​

​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ​មានការ​កើនឡើង​ ជា​ពិសេស​ចាប់ពី​កងកម្លាំង​ណា​តូ​ និង​អា​មេ​រិ​ក​ដក​ចេញពី​ប្រទេស​នេះ​កាលពី​ឆ្នាំ​កន្លង​មក​នោះ​ ។​

​ការ​វាយប្រហារ​ចុង​ក្រោយ​នេះ​បាន​កើតឡើង​ បន្ទាប់​ពី​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Ashraf​ Ghani​ បាន​អំពាវនាវ​ឲ្យ​មានការ​ជួយ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​

​លោក​ Ashraf​ Ghani​ បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​នៅ​អាកាសយានដ្ឋាន​ Kandahar​ នេះ​ និង​បាន​ថ្លែង​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​រង​គ្រោះ​ផង​ដែរ​ ។​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Salahuddin​ Rabbani​ ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ចាប់ផ្តើម​ពិភាក្សា​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់​ដែល​កំពុង​ជាប់​គាំង​នោះ​ឡើង​វិញ​ ៕​

2

1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print