ខេត្តកំពង់ឆ្នាំងៈ ក្រុមក្មេងស្ទាវដើរលេងយប់ ៥នាក់ ដែលបានលាក់ដាវ ដែកកង្វេ ខ្សែក្រវាត់ នៅក្រោមកែបម៉ូតូត្រូវបានកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងកងអន្តរាគមន៍ល្បាតនៅពេលយប់ តាមបណ្តាភូមិសាស្ត្រក្រុង ធ្វើការឃាត់ខ្លួនបានយកទៅសាកសួរ និងអនុវត្តតាមច្បាប់ ។
ការឃាត់ខ្លួនក្មេងស្ទាវ៥នាក់នេះប្រព្រឹត្តទៅកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ៦ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសួន(ឆ្នាំង),ដំរីស ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង៥នាក់នេះ ដោយសារពួកគេដើរលេងពេលយប់ ភ្ជាប់មកជាមួយនូវអាវុធសម្រាប់ប្រហារ មានកាំបិតប៉័ងតោ ដាវសាមូរ៉ៃ ខ្សែក្រវាត់ ដែកកង្វេ ដាក់តាមខ្លួន និងក្រោមកែបម៉ូតូ ក្នុងគោលបំណង ប្រើហិង្សាលើគូបដិបក្ខ ដែលអាចធ្វើឲ្យរបួសធ្ងន់និងស្លាប់ក៏ថាបាន ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ ឈ្មោះ ធន រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ២. ឈ្មោះ ណាត់ បាក់ ភេទប្រុស អាយុ១៩ឆ្នាំ ៣.ឈ្មោះ ណាំ ឡុញ ភេទប្រុស អាយុ២០ឆ្នាំ ៤. ឈ្មោះ ចេវ សុគា ភេទប្រុស អាយុ១៩ឆ្នាំ ៥. ឈ្មោះ ប៉ាក់ យ៉ាង ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង៥នាក់ មានទីលំនៅភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អ្នកទាំង៥នាក់ត្រូវបានសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន មានម៉ូតូ២គ្រឿង,ដាវ២ដើម,ដែកកង្វេ១ និងខ្សែក្រវាត់កែច្នៃ(ក្បាលដែក)១។
ប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ខាងលើនេះធ្វើឡើង មុនឱកាសរៀបចំបុណ្យទន្លេ ដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខនេះ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕