លោក ឃួង ស្រេង ៖ស្នើឲ្យធនាគារADB ជួយ ស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង១០គីឡូម៉ែត្រចាប់ពីក្រោយសាសាលាតិចណូរដល់មហាវិថីវិមានឈ្នះ ឈ្នះ( អូឌឹម)

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ស្នើឲ្យធនាគារADBជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង១០គីឡូម៉ែត្រចាប់ពីក្រោយសាសាលាតិចណូរដល់មហាវិថីវិមានឈ្នះ ឈ្នះ( អូឌឹម)។

ការស្នើសុំបែបនេះរបស់ លោកឃួង ស្រេងបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី សាន់នីយ៉ា ឌូរ៉ានីចាមែល(Sunniya Durrani-Jamal) នាយកតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីព្រឹកថ្ងៃអង្គារ៏៨កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ១៣ មីនា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យរាជធានីភ្នំពេញមានការរីកចម្រើន យ៉ាងខ្លាំង ។ ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញក៏បានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាបញ្ហាការកកស្ទះចរាចរណ៍និងបញ្ហាសំរាមជាដើម។ ជុំវិញបញ្ហាប្រឈមទាំង នេះលោកអភិបាលរាជធានីក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ីADB ជួយដើម្បីដោះស្រាយបញ្ហាទាំងនេះ ផងដែរ។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទៅលើការកកស្ទះចរាចរណ៍នេះលោកអភិបាលរាជធានីបានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងចាប់ពីក្រោយសាលាតិចណូរហូតដល់ផ្លូវវិមានឈ្នះឈ្នះ( ផ្លូវអូដឹម ) ដែលមានប្រវែងជាង១០ គីឡូម៉ែត្រ ។ លោកបញ្ជាក់ថា៖ ផ្លូវនេះ ពិតជាមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរលើ បណ្តោយផ្លូវរុស្ស៊ី និងស្របពេលដែលរាជរដ្ឋាភិបាល គ្រោងនឹងបើកផ្លូវថ្មីមួយទៀតចាប់ពីមហាវិថីឈ្នះ ឈ្នះ (អូឌឹបកប់ស្រូវ)ផ្លូវរហូតទៅដល់ក្រុងព្រះសីហនុ ដែលជាប្រភេទផ្លូវ BOT។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាសំរាម លោកអភិបាលរាជធានីក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយជ្រោមជ្រែងផងដែរ ខណៈដែលការដោះស្រាយបញ្ហាសំរាមនៅតែមានបញ្ហាប្រឈមនៅឡើយ។

ជាការឆ្លើយតបលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល បានទទួលយកការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញដោយរងចាំអោយ ក្រុមការងារធ្វើការចុះសិក្សា លើបញ្ហាកកស្ទះចរាចរ ដើម្បីរកវិធានការដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកស្រីបានបញ្ជាក់ថាការដោះស្រាយជួយជ្រោមជ្រែងទៅលើរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើឡើងជាកញ្ចប់ធំមួយ ដោយមិនអាចធ្វើ ឡើងដាច់ដោយដុំនោះទេ ហើយការងារជាច្រើនខាង ធនាគារ ADB ក៏បានជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយដែរ។

ក្នុងជំនួបពិភាក្សាការងារនោះដែរលោកស្រីក៏បានសម្ដែងនូវការ កោតសរសើរចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញក្នុងអំឡុងពេលចុងក្រោយនេះដោយមានកំណើនយានយន្តកំណើនមនុស្សនិងកំណើនអចនទ្រព្យផងដែរ។

បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីអោយដឹងថា ជំនួបនេះធ្វើឡើងដើម្បីពិភាក្សា និងស្នើរសុំព័ត៌មានពាក់ព័ន្ធនិងគម្រោងនៃការអភិវឌ្ឍន៍សំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ សំរាប់ត្រៀមរៀបចំខ្លឹមសារសេចក្តីព្រៀងក្នុងបេសកកម្ម កម្មវិធីសំរាប់ប្រទេសជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
គួរបញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស និង ការផ្លាស់ប្តូរព័ត៌មានស្ថានភាពគមនាគមន៍ក្នុងទីក្រុងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងចំនួនទឹកប្រាក់ប្រមាណ (១លាន៥ រយ៤៥ពាន់ដុល្លារអាមេរិក) ដែលជាមូលនិធិជប៉ុនសំរាប់កាត់បន្ថយភាពក្រីក្រនឹងផ្តល់ចំនួន (១លាន៥រយពាន់ដុល្លារអាមេរិក )ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី០៦ មេសាឆ្នាំ២០១៨រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print