នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី «ជាមេខ្លោង» បង្កើតឲ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ (មានវីដេអូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បើទោះជាវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរឹតបន្តឹងយ៉ាងណាក៏ដោយ នៅ តែមានក្រុមមន្ត្រីខិលខូចចរិតកន្ទេលធំបន្លំដេក មានចេតនាទុច្ចរិតឃុបឃិតជាមួយឈ្មួញ​បង្កើតឲ្យមានបទល្មើស កាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុកឈើលើសពីលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងមានករណី បន្លំការហែកប៉េសេខុសគោលដៅក្រុមហ៊ុនជាដើម…។

ជាក់ស្តែងដោយសារភាពធូររលុង ឬអំពើពុករលួយរបស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោកអ៊ុំ វណ្ណ សុភក័ ក៏ដូចជាលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុនវិជូរី អ៉ិចផត អ៉ិមផត របស់លោក តុប វីរដា ដឹកជញ្ជូនឈើលើសប៉េសេ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវជាប់អន្ទ្រាក់សមត្ថកិច្ចនៃកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថខេត្ថត្បូងឃ្មុំ ជំនាញរដ្ឋបាលព្រៃឈើ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ គឺរថយន្តយីឌុប ដឹកឈើចំនួន២គ្រឿងរបស់លោក តុប វីរដា ត្រូវបានបង្ក្រាបចាប់ក្នុងបទល្មើសជាក់ស្តែង ផ្ទុកលើសប៉េសេកំណត់ និងមានគោលដៅកាច់ចង្កេះ ក្នុងគោលបំណងឆ្លងទៅប្រទេសវៀតណាម តាមច្រកទន្លេចាម ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។

ករណីបង្ក្រាបបានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកោះថ្ម ឃុំទំលូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់បានរថយន្តចំនួន២គ្រឿង ប្រភេទយីឌុប ១-ពាក់ស្លាកលេខត្បូងឃ្មុំ៣A-១៣៦៨ និង២-ពាក់ ស្លាកលេខភ្នំពេញ៤A-1529 ផ្ទុកឈើប្រភេទសរសរមូលធំៗ និងឈើឃ្លុំ ក្នុងនោះមានប៉េសេស្របច្បាប់ត្រឹមតែ ១៧ម៉ែត្រត្រីគុណ៦៧៣ ។ ប៉ុន្តែលោក តុប វីរដា បានដឹកឈើជាច្រើនលើសកំណត់ប៉េសេ ហើយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចុះទៅការពារ ទីតាំងបង្ក្រាបបទល្មើសនេះ ដើម្បីឲ្យខាងជំនាញរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបន្តនីតិវិធីក្នុងការវាស់វែងឲ្យដឹងពី ចំនួនដឹកលើសប៉េសេនេះពិតប្រាកដ ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហាខាងលើនេះ ទេ តាមទូរស័ព្ទជាមួយ អង្គភាពដ្រេហ្គន លោកគ្រាន់តែបញ្ជាក់ថា ខ្ញុំមិនមានការដឹងរឿងនេះទេ ម្យ៉ាងទៀតកំពុង មានភារកិច្ចផង ដូច្នេះអាចសួរទៅកាន់ខាងនាយខណ្ឌរដ្ឋបាលព្រៃឈើចុះ ។ ដោយឡែកលោក អ៊ុំ វណ្ណសុភក័ នាយខណ្ឌរដ្ឋបាលខេត្តមណ្ឌលគិរី ក៏មិនបានដឹងក្នុងរឿងនេះដែរ ខណៈនៅប្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ​លោកបានប្រាប់ អង្គភាព នគរវត្តតាមទូរស័ព្ទយ៉ាងខ្លីថា ខ្ញុំកំពុងមានភារកិច្ចឡើងមកប្រជុំនៅរាជធានីភ្នំពេញ ហើយក៏ប្រគល់ភារកិច្ចឲ្យទៅគេធ្វើរួចអស់ហើយ រួចក៏បិទទូរស័ព្ទ ។

សូមបញ្ជាក់ផងដែរថា រាល់ការដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ទោះជាមានប៉េសេក៏ដោយ តែងមានសមត្ថកិច្ច ជាច្រើនស្ថាប័ន ពិសេសជំនាញរដ្ឋបាលព្រៃឈើនេះតែម្តង តែងពិនិត្យជាក់ស្តែង និងអះអាងថា ក្រុមហ៊ុនដឹក  ជញ្ជូនមានប៉េសេ ដឹកគ្រប់ចំនួនកំណត់ ផ្ទុយទៅវិញពេលបង្ក្រាបជាក់ស្តែងទើបដឹងថា ខាងជំនាញរដ្ឋបាលព្រៃ ឈើនេះជាមេខ្លោងផ្តើមគំនិត ឃុបឃិតជាមួយឈ្មួញ ដឹកលើសប៉េសេ ។

ដូចជាករណីនេះស្រាប់ ប៉េសេមានត្រឹមតែ ១៧ម៉ែត្រត្រីគុណ៦៧៣ បែរជាដឹកជិត១០០ម៉ែត្រត្រីគុណលើសប៉េសេ ហើយគោលដៅច្បាប់អនញ្ញាតចេញពី ស្រុកកោះញែក ខេត្តមណ្ឌលគិរី មកកាន់ទីតាំងសន្និធិនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ ។ ប៉ុន្តែក្រុមហ៊ុនវីជូរី អ៉ិចផត អ៉ិមផត របស់លោក តុប វីរដា កាច់ចង្កេះបម្រុងឆ្លងទៅប្រទេសវៀត ណាម តាមច្រកទន្លេចាម ទើបឈានដល់ការបង្ក្រាបក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិកោះថ្ម ឃុំទំលូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ពាក់ព័ន្ធនឹងករណីបង្ក្រាបនេះ គេមានជំនឿថា សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ដែលជាមន្ត្រីនគរបាលយុត្តិ ធម៌ ត្រូវរកឲ្យឃើញក្រុមជនដែលបានប្រព្រឹត្ត ជាពិសេសលោក តុប វីរដា តំណាងក្រុមហ៊ុនខាងលើនេះ ប្រឈម មុខចំពោះមុខច្បាប់ ខណៈការដឹកជញ្ជូនឆ្លងដែននេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែកក្នុងច្បាប់ព្រៃឈើ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ។​

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាលោកអភិបាល នៃគណៈអភិបាលខេត្តមណ្ឌល  គិរី មេត្តាជួយពង្រឹងរឹតបន្តឹងអំពីទិដ្ឋភាពច្បាប់ ភាពទទួលខុសត្រូវតាមតួនាទីភារកិច្ចរបស់សមត្ថកិច្ច អាជ្ញាធរ និង ជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនេះផង ។

ក្នុងនោះមានគេរាយការណ៍ផង ដែរថា ក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់ឧកញ៉ា សឹង សំអុល បាននឹងកំពុងដំណើរការអារឈើនៅក្នុងក្រុមហ៊ុន របស់ខ្លួន មានជាប្រភេទឈើទាល សុក្រំ ,ខ្លុម និងឈើក្រហមជាច្រើនទៀត ដែលគេដឹងថា ប្រភពឈើទាំងនោះ   ត្រូវបានកាប់បំផ្លាញពីតំបន់អភិរក្សការពារ ដែលគ្រប់គ្រងខាងបរិស្ថាន ។

មួយរយៈនេះ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់ឧកញ៉ា សឹង សំអុល បានផុតសុពលភាព (ប៉េសេ) ប៉ុន្តែឲ្យក្រុមដៃ ជើងរបស់ខ្លួនចូលកាប់ក្នុងតំបន់ព្រៃការពារ និងយកមកដាក់រាយប៉ាយនៅចំណុច (ឡាហត) និងចំណុច (ឆក់ដែក) ស្រុកកោះញែក ដែលអតីតដីរបស់ឈ្មោះ អៀង ។ ក្នុងនោះគេបានដាក់បារ៉ាសការពារ ដើម្បីជាមធ្យោ បាយលាក់បាំងទីតាំងលាក់ឈើរបស់ពួកគេ  ប្រៀបដូចជាឈើមានប៉េសេ ។ ប៉ុន្មានថ្ងៃនេះ ដៃជើងរបស់ឧកញ៉ា សឹង សំអុល មានឈ្មោះ ម៉ុក និងឈ្មោះ ខុន បានប្រមូលឈើទាំងនោះយកមកដាក់ក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ជ្រកក្រោមស្លាកក្រុមហ៊ុនស្របច្បាប់ ។ ប៉ុន្តែមន្ត្រីជំនាញបានលួចបង្ហើបថា ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់ឧកញ៉ា សឹង សំអុល ផុតប៉េសេហើយ ។

ដូច្នេះរាល់សកម្មភាពកំពុងដំណើរការអារឈើ ក៏ដូចការដឹកជញ្ជូនឈើចូលក្នុង ក្រុមហ៊ុននេះ សុទ្ធតែជាបទល្មើសទាំងអស់ ដែលសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ មានសិទ្ធិចុះបង្ក្រាបគ្រប់ ពេលវេលា ប្រសិនបើស្រាវជ្រាវ ពិនិត្យជាក់ស្តែងរកឲ្យឃើញនូវវត្ថុតាងទាំងនោះ ។ ប៉ុន្តែមកទល់បច្ចុប្បន្ន ការ បង្ក្រាបរបស់សមត្ថកិច្ចនិងជំនាញនូវស្ទាក់ស្ទើរ ដឹងហើយឮហើយ តែមិនព្រមបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិ ធម៌ សង្ស័យជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ក៏អាចថាបាន ៕ ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print