ខេត្តកំពង់ចាម៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញយកខ្សែនីឡុងចងកធ្វើអត្តឃាតបញ្ចប់ជីវិតនៅដើមកាស្យាដោយមិនដឹងមូលហេតុតែសាច់ញាតិបានអះអាងថាជនរងគ្រោះមានកំរោលចូលឬខ្មោចនាំ ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៩ធ្នូ២០១៥ស្ថិតនៅក្នុងភូមិថ្នល់បែកកើតឃុំស្វាយទៀបស្រុកចំការលើខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះសួនកុសលភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ដោយជនរងគ្រោះយកខ្សែនីឡុងប្រវែង២ម៉ែត្រចងកជាប់នៅលើមែកដើមកាស្យាកម្ពស់ជាង៣ម៉ែត្របណ្តាលឲ្យស្លាប់បាត់បង់ជីវិតដែលសាច់ញាតិបានអះអាងថាជនរងគ្រោះមានកំរោលចូលធ្លាប់រត់ទៅចងកចំនួន២ដងមកហើយតែដោយសាច់ញាតិឃើញហើយជួយទាន់ពេលរហូតមកដល់ថ្ងៃកើតហេតុជនរងគ្រោះចងកធ្វើអត្តឃាតបានសម្រេចតែម្ដង។
ក្រោយពីកើតហេតុកម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុកចំការលើបានចុះពិនិត្យសាកសពរកមិនឃើញមានស្លាកស្នាមអ្វីឡើយគឺជនរងគ្រោះបានស្លាប់ដោយចងកធ្វើអត្តឃាតមិនពាក់ព័ន្ធលើបទល្មើសផ្សេងឡើយ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយ៖ វណ្ណះ