ខេត្តកណ្ដាលៈ យុវជនម្នាក់បបួលក្មេងស្រីអាយុ១៤ឆ្នាំ ទៅដើរលេងក្នុងបរិវេណវត្ដសាលាអណ្ដែត ដោយមើលទៅស្ងាត់ និងទំនងផងនោះ ទប់អារម្មណ៍ពុំបាន ក៏បែកគំនិតចាប់ក្មេងស្រីរំលោភរហូតបានសម្រេច ។ លុះស្អែកឡើងត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភសេពសន្ថវះខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទី ស្ថិតក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរងគ្រោះឈ្មោះ ប ស.ឡ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ យុវជនសង្ស័យ និងក្មេងស្រីរងគ្រោះមានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ប្រមាណ២០ យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង បានបបួលក្មេងស្រីរងគ្រោះទៅដើរលេងនៅក្នុងបរិវេណវត្តសាលាអណ្ដូង ដោយទៅអង្គុយនៅលើគ្រែរបស់ពលរដ្ឋលក់នំ លុះអង្គុយបានមួយសន្ទុះ យុវជនសង្ស័យក៏ទប់អារម្មណ៍ខ្លួនពុំបាន និងមានសភាពស្ងាត់ផងនោះ ក៏ចាប់ផ្ដួលក្មេងស្រីរងគ្រោះទៅលើគ្រែលក់នំ ហើយចាប់ស្រាតខោ រួចធ្វើសកម្មភាពតែម្ដង ។
លុះស្អែកឡើង ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង១១និង៣០នាទី ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះសមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍នគរបាលក្រាំងយ៉ូវ រួចធ្វើការសាកសួរ ។
ជនសង្ស័យបានសារភាព ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន រួចត្រូវបាននគរបាលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ
...