ខេត្តបន្ទាយមានជ័យ៖ លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍លើកឡើង ដោយបានជម្រុញដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងមូលធ្វើយ៉ាងណាត្រូវខិតខំពង្រឹងឲ្យបាននូវខឿនសន្តិសុខឲ្យបានរឹងមាំ ដើម្បីធានាបាននូវស្ថិរភាព សុវតិ្ថភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានប្រសើរក្នុងការដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានីខេត្ត ដែលនឹងប្រព្រឹត្តនៅពេលខាងមុខនេះទទួលបានជោគជ័យ។
ការលើកឡើងនូវប្រសាសន៍របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីភាពនៅក្នុងពិធីប្រកាសបិទអង្គសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលប្រតិបតិ្តការណ៍ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិដដែលបន្តលើកឡើងថា នៅគ្រាដែលក្រុមបក្សប្រឆាំងមួយចំនួនកំពុងតែដាក់ចេញនូវផែនការធ្វើសកម្មភាព ក្នុងគោលបំណងបង្កជាបញ្ហាដើម្បីរារាំងមិនឲ្យដំណើរការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅបានជោគជ័យនោះទេ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលបានមានប្រសាសន៍បន្ថែមដោយបានបញ្ជាក់ថា ខឿនសន្តិសុខគឺមានសារៈសំខាន់បំផុតសំរាប់ប្រទេសជាតិយើងទាំងមូល បើបាត់បង់នូវខឿនសន្តិសុខនោះ ការអភិវឌ្ឍន៍ប្រទេសជាតិក៏មិនអាចដំណើរការរីកចម្រើនបាននោះឡើយ។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិក៏បានជម្រុញបន្ថែមនូវការទប់ស្កាត់ និងដោះស្រាយបញ្ហាបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសគ្រោះថ្នាក់ចរាចរណ៍ឲ្យបានខ្លាំងក្លា និងមានប្រសិទិ្ធភាពដើម្បីធានាសុវតិ្ថភាព ការរស់នៅ ការប្រកបរបររបស់ប្រជាពលរដ្ឋមានកក់ក្តៅមកលើកងកម្លាំងនគរបាលជាតិ។
ជាមួយគ្នានេះផងដែរ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យក៏បានលើកឡើងដោយបានវាយតម្លៃខ្ពស់របស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តការងារ មានកិច្ចសហប្រតិបតិ្តការបានល្អរវាងអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធដោយធានាបានសន្តិសុខ សុវតិ្ថភាពជូនពលរដ្ឋបានល្អប្រសើរ។ មិនតែប៉ុណ្ណោះបានចូលរួមកិច្ចការងារសង្គម ជួយប្រជាពលរដ្ឋដែលបានជួបគ្រោះមហន្តរាយធម្មជាតិទាន់ពេលវេលា។ ទោះបីជាយ៉ាងនេះក្តី លោកអភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍កោតសសើរដល់កម្លាំងនគរបាលបន្ទាយមានេះជ័យថា នៅឆ្នាំ២០១៨ទោះបីបទល្មើសកើនឡើង តែកម្លាំងសមត្ថកិច្ចខេត្តមិនបានព្រងើយកន្តើយនោះទេ គឺបានចេញប្រតិបតិ្តការបង្ក្រាបបានជាបន្តបន្ទាប់។
គួររំលិកផងដែរថា របាយការណ៍បានបង្ហាញឲ្យដឹងថាខេត្តបន្ទាយមានជ័យឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀនមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយឡែកបទល្មើសគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។ បទល្មើសព្រហ្មទណ្ឌកើតឡើង៨៥លើក លើ៥១លើក កើនឡើង៣៤លើក ស្មើនិង៧៦% ស្លាប់មនុស្ស១១នាក់ របួស១៨នាក់ រងគ្រោះ៥៤នាក់ និងបានចេញប្រតិបតិ្តការបង្ក្រាបសម្រេចបាន៦៣លើក លើ៨៥លើក ស្មើនិង៧៤% ឃាត់ខ្លួនជនសង្ស័យ១០៥នាក់។ ដោយឡែកបទល្មើសគ្រឿងញៀន៣៩៨លើក ឃាត់ខ្លួន១០៩៣នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាម។
បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើឡើង១៥៧លើក លើ២០២លើក ថយចុះ៤៥លើក ស្មើនិង២២% បង្កឲ្យមានមនុស្សស្លាប់១០៥នាក់ រងរបួស២០៩នាក់៕ តាឡឹម
...