ថៃជិតដល់ថ្ងៃបោះឆ្នោត យោធានៅតែមានបំណងគ្រប់គ្រងអំណាចដដែល​

ចែករំលែក៖

ទីក្រុងបាងកក៖ ការបោះឆ្នោតនៅក្នុងប្រទេស​ថៃ​នៅសល់តែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី​២៤ខែមីនា​​ ហើយបណ្តាបេក្ខភាពនាយករដ្ឋមន្ត្រីកំពុងតែខិតខំ អូសទាញការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត«ប្រជាពលរដ្ឋ»ងាកមកគាំទ្រខ្លួន​ ដើម្បីដឹកនាំប្រទេសថៃ ឲ្យកាន់តែរីកចំរើន ។

នៅពេលនេះរបបយោធាថៃនៅតែមានមហិច្ឆិតាគ្រប់គ្រងអំណាចដឹកនាំប្រទេសថៃជាបន្តទៀត ទាំងនោះហើយបង្ករឲ្យមានក្តីបារម្ភកាន់តែខ្លាំង ប្រសិនបើ យោធាមិនជាប់ឆ្នោតនោះ បញ្ហានឹងបន្តកើតឡើង ក្នុងឆាកនយោបាយ​ថៃដដែល ។ ទម្លាប់ជ្រៀតជ្រេកដោយយោធា នៅក្នុងនយោបាយថៃពិបាក ក្នុងការ លុបបំបាត់ ដោយយោធាធ្លាប់ចូលរួមធ្វើរដ្ឋប្រហារជិត​២០លើកកន្លងមក គឺជាចំនួនច្រើនបំផុត មិនធ្លាប់មាន​។

តាមពិតនៅ​លើ​ក្រដាស​ ថៃ​ជា​ប្រទេស​ប្រជាធិបតេយ្យ​រាជានិយម តាំង​ពី​ឆ្នាំ​​១៩៣៣​ មក​​ម៉្លេះ​។ ក៏​ប៉ុន្តែ​​ នៅ​​លើ​សាច់​ការ​ជាក់​ស្តែង​វិញ​ ប្រទេស​នេះ​តែង​តែ​ឋិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់យោធា។ ទោះ​ជា​បាន​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក៏​ដោយ​ គ្រប់​រដ្ឋាភិបាល​ស៊ីវិល​សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ធ្វើ​រដ្ឋ​ប្រហា​រ​ពី​​សំណាក់​យោធា​​និង​សុទ្ធ​​តែ​​ឋិត​​នៅ​​ក្រោម​​ឥទ្ធិ​ពល​ដ៏​​ខ្លាំង​​ជ្រុល​​របស់​​ព្រះ​បរមរាជ​វាំង។​

រាប់​ទាំង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០០៦​ ដែល​បាន​ទម្លាក់​លោក​ថាក់ ស៊ីនចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ ប្រទេស​​ថៃ​បាន​ស្គាល់​រដ្ឋ​ប្រហារ​យោធា​ទាំង​អស់​ចំនួន​១៩​លើក តាំង​ពី​ឆ្នាំ​១៩៣២​មក។ នេះ​ស្តែង​ឲ្យ​ឃើញ​ថា យោធា​ដើរ​តួនាទី​ធំ​ធេង​ណាស់​ នៅ​ក្នុង​ជីវិត​នយោបាយ​នៃ​ប្រទេស​ថៃ​។ការធ្វើ​ អន្តរាគមន៍​យោធា​ដ៏​ញឹក​ញាប់​បែប​នេះ​ដែល​តាម​ធម្មតា​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ​ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។

ម្យ៉ាង​ យោធា​ជា​អ្នក​ដែល​បាន​ផ្តួល​រំលំ​របប​រាជា​និយម​ផ្តាច់ការ​នៅ​ឆ្នាំ​១៩៣២ និង​ជា​អ្នក​ដែល​បាន​បង្កើត​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​១៩៣៣។ ម្យ៉ាង​ទៀត​ ពេញ​មួយ​សតវត្សរ៍​ទី​២០​ យោធា​ដែល​មិន​ចាំ​បាច់​គិតគូរ​ពី​រឿង​ការពារ​ជាតិ​ ដ្បិត​ប្រទេស​ថៃ​មិន​ដែល​ឆ្លង​កាត់​សង្គ្រាម​ បាន​ងាក​មក​រវីរវល់​តែ​ពី​រឿងនយោបាយ​ផ្ទៃ​ក្នុងនៃប្រទេស​។

ចំណុចទាំងនោះហើយ បាន​ជា​មក​ទល់​សព្វ​ថ្ងៃ​ យោធា​ថៃតាំង​ខ្លួន​ជា​កម្លាំង​មួយ​ម្ចាស់​ការ​ មិន​ស្តាប់​បញ្ជា​អ្នក​នយោបាយ​ ផ្តល់​សិទ្ធិ​ធំដល់​ខ្លួន​ឯង​ ដើម្បី​គាប​សង្កត់​ឬ​រំលំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ដែរ​ បាន​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជា​ច្រើន​រូប​ សុទ្ធ​សឹង​ជា​នាយ​ទាហាន​ឬ​ជាអតីត​នាយ​ទាហាន ដូច​យ៉ាង​លោកភីប៊ុន(​Phibun) លោក​សា​រីត(Sarit) លោក​ថានំ(Thanom) ឬ​ក៏​កន្លង​ទៅ​ថ្មីៗ​នេះ លោក​សុងធី(​Sonthi) រហូតដល់បច្ចុប្បន្ន លោក ប្រាយុទ្ធចាន់អូចា ក៏កាន់អំណាច​ចេញពីយោធាផងដែរ​។

លើក​ណា​ក៏​ដូច​លើក​ណា ក្រុម​នាយ​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ តែងតែ​អះអាង​ថា គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​។ ឧទាហរណ៍​ ទាក់​ទិន​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៤៧ ឧត្តមសេនីយ៍​ភីប៊ុនបាន​និយាយ​អះអាង​ថា គឺ​ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ​នៃ​របប​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ដែល​ទន់​ជ្រាយ​ពេក​ នៅ​ចំពោះ​មុខ​បស្ចិម​លោក​។ ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារឆ្នាំ​១៩៧១​វិញ ក្រុម​ឧត្តមសេនីយ៍​បាន​ពន្យល់​ថា​ គឺ​ដើម្បី​ការពារ​ប្រទេស​ ទប់ទល់នឹង​ឥទ្ធិពល​កុម្មុយនិស្ត​ដែល​ចេញ​មក​ពី​តំបន់​បណ្តោយ​ព្រំដែន​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​ស្តី​ពី​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ថាក់ ស៊ីន​នៅឆ្នាំ២០០៦​វិញ ក្រុម​ឧត្តមសេនីយ៍​បាន​ថ្លែង​ថា​ គឺ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ប្រទេស។

ដោយ​ឡែក​ យោធា​ រដ្ឋាភិបាល​ និង​រាស្ត្រ​ថៃ​ ទទួល​ស្គាល់​តួ​នាទី​ជា​ចាំបាច់​របស់​ព្រះ​មហាក្សត្រ​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិធំៗ​និង​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ ទោះ​បី​ជា​តួ​នាទី​នោះ មិន​ត្រូវបាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​។ នៅ​ឆ្នាំ​១៩៧៣​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ចលនា​និស្សិត​ ឧត្តមសេនីយ៍​ថានំ​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី និង​ត្រូវ​បង្ខំ​ចិត្ត​និរទេស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ តាម​សំណូមពរ​របស់​ព្រះ​ចៅ​ភូមីបុល​។

ពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី​២៤ខែមីនាខាងមុខ ប្រមុខដឹកនាំយោធា ដែលចូលរួមធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចដឹកនាំប្រទេសជាតិ​៥ឆ្នាំកន្លងមក​ លោកប្រយុទ្ធចានអូចា នៅតែមានបំណងចង់បន្តដឹកនាំប្រទេសថៃ ជាបន្តទៀត ។

នៅពេលនេះអ្នកនយោបាយថៃ​បានលើកឡើងពីគោលនយោបាយដឹកនាំផ្សេងៗគ្នា ក្នុងការទាក់ទាញ ពលរដ្ឋគាំទ្រ ។ នៅពេលនេះនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បាន​អួតពីសមិទ្ធផល​ដែលខ្លួន​ខិតខំក្នុងរយៈពេល​៥ឆ្នាំកន្លងមក ចាប់តាំងពីរដ្ឋប្រហារទម្លាក់ អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា កាលពីឆ្នាំ​២០១៤។

នៅក្នុងដំណើរចុះទៅតាមមូលដ្ឋានឃោសនាបោះឆ្នោត នាយករដ្ឋមន្ត្រីបន្តុបដោយរបបសឹករបស់ថៃ បានច្រៀងចំរៀងមនោសញ្ចេតនាមួយនិងបានអួតអំពីសមិទ្ធផលរបស់រដ្ឋាភិបាលលោកក្នុងដំណើរចុះទៅកាន់ភាគឦសានប្រទេសនៅមុនការបោះឆ្នោតនាថ្ងៃ២៤មីនា។

លោកប្រាយុទ្ធ ចាន់អូចា បានដឹកនាំធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដើម្បីបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតមួយ និងពេលនេះកំពុងស្វះស្វែងបន្តនៅក្នុងអំណាច តាមមធ្យោបាយស្របច្បាប់។

លោកបានបង្ហាញមុខនៅចំពោះហ្វូងមនុស្សរាប់ពាន់នាក់ក្នុងដំណើរមួយដែលជាផ្នែកនៃការងារផ្លូវការរបស់លោក។តែស្ទីលនៃការចុះជួបប្រជាជននេះវាស្រដៀងគ្នានឹងអ្វីដែលមនុស្សជាច្រើនគិតថាជាយុទ្ធនាការរកសម្លេងឆ្នោត ដែលលោកបានអនុវត្តដូច្នេះអស់ពេលជាច្រើនខែមកហើយ។

លោកបានប្រាប់អ្នកគាំទ្រនៅខេត្តណាខន រ៉ាតចាស៊ីម៉ា កន្លែងដែលលោកបានកើតនៅក្នុងជំរំយោធាមួយនាឆ្នាំ១៩៥៤ថា« យើងសំរេចបានច្រើនណាស់នៅ៥ឆ្នាំមកនេះ។បើយើងអាចបន្ត៥ឆ្នាំទៀត យើងកាន់តែសំរេចបានចរន្តនៅយូរតទៅទៀត លោកពូទុយ» ដែលជាឈ្មោះក្រៅរបស់លោកប្រាយុទ្ធ។ប្រាយុទ្ធត្រូវបានស្វាគមន៍និងថតសែលហ្វ៊ីជាមួយអ្នកគាំទ្រ។ចាស់ៗក្នុងមូលដ្ឋានឱបថើបលោកប្រាយុទ្ធ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សផាឡាងប្រាចារ៉ាត ៕

...

A


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print