ខេត្តបាត់ដំបង៖ ជាងកាត់សក់ម្នាក់ត្រូវបានអ្នកបោសសំអាតផ្ទះ ប្រទះឃើញដេកស្លាប់មិនដឹងពេលណានោះទេ ក្រោយពីបុរសរូបនោះបានផឹកស្រាថ្នាំរួចហើយនោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចហាងកាត់សក់មួយកន្លែង ទល់មុខវត្តពិភិត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជុំវិញនៃការស្លាប់នោះគេពុំទាន់ដឹងច្បាស់ថាជាប់ពាក់ព័ន្ធនិងខ្យល់គ រឺ ពុលស្រាថ្នាំនៅឡើយនោះទេ ដោយរងចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់នោះសិន ។
បុរសដែលបាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះអ៊ិត ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាជាងកាត់សក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ទើបតែមកជួលនិងស្នាក់ នៅក្នុងហាងកាត់សក់ខាងលើជាងមួយខែប៉ុណ្ណោះ ។
បើតាមសម្ដីរបស់ស្ត្រីម្នាក់ ដែលជាអ្នកបោសសំអាតបា្រប់អ្នកឱ្យដឹងថា មុនពេលកើតហេតុគាត់បានដើរបោសសំអាតនៅក្នុងផ្ទះកាត់សក់នោះ ព្រមទាំងឡើងទៅសំអាតកន្លែងបុរសនោះដេកនៅជាន់លើឡាវតឿទៀតផង ។ នៅពេលនោះគាត់ឃើញជនរងគ្រោះដេកនៅលើឡាវតឿហើយបានដាស់បុរសនោះឱ្យក្រោកឡើងក៏ប៉ុន្តែបុរសជាងកាត់សក់មិនក្រោកនោះទេ។ គាត់មិនចាប់អារម្មណ៍ក៏ចុះទៅខាងក្រោមវិញធ្វើការងារបោសសំអាតជាធម្មតា។ លុះដល់ការបាសសំអាតចប់សព្វគ្រប់មិនឃើញបុរសនោះក្រោកពីដេកទៀត គាត់ក៏ឡើងទៅដាស់សាជាថ្មី ។ នៅពេលនោះទើបដឹងថាបុរសឈ្មោះអ៊ិត ណាក់បានស្លាប់មិនដឹងពីពេលណានោះទេ ។ ក្រោយពីឃើញសភាពបែបនោះគាត់ស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យតែម្តង ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ម្សិលមិញគេឃើញជាងកាត់សក់រូបនោះបានអង្គុយផឹកស្រាថ្នាំជាមួយអ្នកជិតខាង លុះផឹកបានបន្តិចជាងគាត់ពោលប្រាប់គេថាហាក់បីដូចមិនសូវស្រួលខ្លួន រួចក៏ផ្អាកការផឹកហើយក៏ឡើងទៅដេក លុះព្រឹកឡើងគេប្រទះឃើញដេកស្លាប់តែម្ដង ។
ពាក់ព័ន្ធនឹងករណីនេះ បើតាមប្រភពព័ត៌មានចុងក្រោយឱ្យអះអាងពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនបណ្តាលព្រហ្មទណ្ឌខេត្តដឹងថា សមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច្ច័យសពពិនិត្យឃើញថាបុរសជាជាងកាត់សក់ស្លាប់ដោយខ្យល់គ រឺជម្ងឺកាំងបេះដូង មិនជាប់ពាក់ព័ន្ធនិងពុលស្រានោះឡើយ ពីព្រោះអ្នកផឹកស្រាថ្នាំជាមួយនិងបុរសនោះ មិនមានការអារៈពុលនោះទេ ៕
ដោយ៖ សំ វិច្ឆិកា