ភ្នំពេញ៖កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មានករណីជនជាតិចិនម្នាក់ បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់រះឡើងលើមេឃចំនួន៤គ្រាប់ជាប់គ្នា ស្ថិតនៅចំណុចមុខធនាគារ (កាណាឌីយ៉ា) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរប៉ុស្តិ៍នគរបាលស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលដល់អ្នករត់ម៉ូតូឌុប និងសន្តិសុខយាមធនាគារ រត់ចែកជើងគ្នា ។
យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បានជិះឡំប្រឺតាមួយគ្រឿង មកឈប់ក្បែរធនាគារកាណាឌីយ៉ា ទល់មុខនិងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ។ បន្ទាប់មកបុរសជនជាតិចិននោះមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើចំនួន៤គ្រាប់ផ្ទួនៗគ្នា បណ្ដាលឲ្យអ្នករត់ម៉ូតូឌុប និងសន្តិសុខយាមនៅមុខធនាគារ“កាណាឌីយ៉ា” ភ្ញាក់ផ្អើលនាំគ្នារត់ចែកជើង ហើយអ្វីដែលសំខាន់ទៀតនោះ គឺបាញ់នៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកទៀត ដោយមិនឃើញសមត្ថកិច្ចណាជួយធ្វើអន្តរាគមន៍តាមចាប់ជនដៃដល់នោះ បែជាឲ្យជននោះជិះបន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានត្រឹមតែរើសសំបកគ្រាប់កាំភ្លើង ធ្វើឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ ពួកគាត់សំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយទប់ស្កាត់ ករណីរឿងជនបរទេសទាំងអស់ដែលចូលមករកស៊ីនៅប្រទេសកម្ពុជា លួចទិញអាវុធយកមកប្រើប្រាស់ខុសច្បាប់ទាំងនោះ មកផ្ដន្ទាទោសតាមច្បាប់ផង ៕ ស រស្មី