នារីអាមេរិកកាំងម្នាក់ធ្វើឲ្យខ្មែរភ្ញាក់ផ្អើលគ្រាច្រៀងរាំបទ “អុំទូកក្នុងបឹង” ជាមួយ សយ រតនា

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលថ្មីមួយសម្រាប់ប្រជាជនខ្មែរក្រោយពីនារីជាជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ Emily បានច្រៀងបទចម្រៀងស្នាដៃមរតកដើមគឺបទ”អុំទូកក្នុងបឹង” យ៉ាងពិរោះប្លែក។  បទចម្រៀងនេះត្រូវបានផលិតដោយផលិតកម្មមរតកមេឌៀ ដោយនាងបានបកស្រាយរួមជាមួយកវីវ័យក្មេង និងជាតារាចម្រៀងលោក សយ រតនា។

បទចម្រៀងប្រជាប្រិយខ្មែរចង្វាក់រាំវង់ ខាងលើ ត្រូវបានផលិត និងបញ្ចេញជាវីដេអូរួចទៅហើយដោយទទួលបានការចាប់អារម្មណ៍ និងកតោតសរសើរខ្លាំងពីទស្សនិកជន។ ចាប់អារម្មណ៍ព្រោះតែនារីជនជាតិអាមេរិកកាំងរូបនេះច្រៀងបានល្អតាមចង្វាក់ភ្លេង និងព្យាយាមរាំបានផងដែរ។ កាន់តែកោតសរសើរគឺនាងបានព្យាយាមច្រៀង និងរៀនភាសាខ្មែរដើម្បីច្រៀងឲ្យត្រឹមត្រូវតាមចង្វាក់ប្រជាប្រិយខ្មែរ បើទោះបីជាការប្រកបពាក្យរបស់នាងមិនច្បាស់ក្តី។

លោក សុខលីម រក្សា អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មមរតកមេឌៀបានបញ្ជាក់ថា តាមពិតកញ្ញា Emily គឺជាមន្ត្រីបម្រើការងារនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

លោកបញ្ជាក់ថាដោយសារស្រលាញ់ចូលចិត្តសិល្បៈវប្បធម៌ជាតិខ្មែរ នាងបានស្នើសុំលោកដើម្បីហ្វឹកហាត់ច្រៀងរាំ ពិសេសរៀនភាសាខ្មែរ។ លោកថានាងចាប់អារម្មណ៍កាន់តែខ្លាំងនឹងសិល្បៈខ្មែរក្រោយពីលោកបានពន្យល់ និងបង្រៀងបន្ថែមទៅកាន់នាង។

លោកថាគាត់ក៏បានធ្វើការសិក្សាស្រាវជ្រាវអំពីសិល្បៈ វប្បធម៌របស់ខ្មែរ រួមទាំងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ ដែលកាន់តែធ្វើឲ្យនាងចង់បញ្ចេញស្នាដៃបទចម្រៀងជាភាសាខ្មែរ។ លោកបញ្ជាក់ថាគាត់ព្យាយាមរៀនខ្លាំងពីភាសាខ្មែរ ហើយនាងនឹងច្រៀងបទចម្រៀងថ្មីមួយបទទៀតដែលជាការបកស្រាយរួមជាមួយលោកផ្ទាល់តែម្តងគឺបទ”ផ្កាក្រវ៉ាន់” ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

លោកថាជារសជាតិថ្មីសម្រាប់ទស្សនិកជនបើទោះបីជានារីវ័យក្មេងស្រស់សោភាជនជាតិអាមេរិកកាំងរូបនេះមានការបញ្ចេញសំឡេងមិនបានច្បាស់ក្តី ប៉ុន្តែវាគឺជាអ្វីដែលជាទីមោទនៈដែលជាតិសាសន៍ដទៃព្យាយាមសិក្សាស្វែងយល់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print