ខេត្តកោះកុង ៖ ពិតជាអកុសលណាស់ ដែលបុរសម្នាក់មានជំងឺប្រចាំកាយ (ជំងឺស្កន់ជាន់) ពេលជិះទូកទៅលើក លបដាក់យកក្ដាមនៅក្នុងព្រែកមុខផ្ទះតែម្នាក់ឯង បានលង់ទឹកស្លាប់ ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ នៅព្រែកមុខផ្ទះ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
មន្រី្តនគរបាលប៉ុស្តិ៍ត្រពាំងរូងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ែត លុយ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកនេសាទ មានទីលំនៅកន្លែងកើតហេតុខាងលើនិង មានជំងឺស្កន់យូរឆ្នាំមកហើយ។មុនពេលកើតហេតុ បុរសរងគ្រោះរូបនេះបាន ជិះទូកទៅលើកលបដាក់ក្ដាម នៅក្នុងព្រែកមុខផ្ទះហើយក៏លង់ទឹកស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕