ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ដ៏កម្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ គឺព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញទូទាំងពិភពលោក។ តាមការឲ្យដឹងពី លោក អុឹម សុខរិទ្ធ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រអាជ្ញាធរជាតិអប្សរា ឲ្យឈ្មោះថា ព្រឹត្តិការណ៍សមរាត្រី (Equinox) ។
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ក្រៅពីនេះ ខែខ្លះ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃ ទៅវិញក៏មានដែរ។ភាពដ៏អស្ចារ្យ នេះ បានកើតឡើងនៅអង្គរវត្ត គឺស្របពេលដែលជាពេលវេលាថ្ងៃ និងយប់មានរយៈពេលស្ទើស្រៗគ្នាហៅថាសមរាត្រី នោះដំណើរផែនដី និងដំណើរព្រះអាទិត្យ ក៏បានរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត នាព្រឹកនេះផងដែរ តាមរយះការសង្កេតមើលពីក្លោងទ្វារកណ្តាល នៃ គុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទី រហូតដល់ម៉ោងប្រហែល៧ព្រឹក៕ប៊ុនរិទ្ធី