ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន៥កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញសហការព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ខ្លួននៅតាមផ្លូវ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥នៅចំណុច ផ្លូវលំលេខ៣៧១ក្រោយវត្តដំបូរខ្ពង់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីលោក ជុំ សំណាង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១មានឈ្មោះ មាស វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរនៅផ្ទះជួលលេខ១០ផ្លូវលំលេខ៣៧១ ក្រោយវត្តដំបូរខ្ពង់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២មានឈ្មោះ សៅរ៍ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរនៅផ្ទះជាមួយគ្នា ។
លោក ជុំ សំណាង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះកម្លាំងរបស់លោកបានតាមស្រាវជ្រាវយូរណាស់មកហើយ ដោយសង្ស័យថាជាក្រុមចោរប្លន់នៅក្នុងទឹកដីខណ្ឌចំការមនក៏ស្រាប់តែដល់ថ្ងៃកើតហេតុខាងកម្លាំងរបស់លោកក៏បានសហការជាមួយព្រហ្មទណ្ឌខណ្ឌចំការមនក៏ឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលំខាងក្រោយវត្តដំបូរខ្ពង់ផ្ទះជួលលេខ១០ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរកឃើញថ្នាំញៀន៥កញ្ចប់តូចតែប៉ុណ្នោះ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស រស្មី