ប្រទេសអាល្លឺម៉ង់ ៖ ក្រោយមានការវាយប្រហារ ជាបន្តបន្ទាប់ តាមបែប(ចចកឯកកា)ដូចជានៅក្នុងប្រទេសញ៉ូវហ្សឺឡែន និងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប ។ ប្រទេសក្នុងតំបន់អឺរ៉ុបបានចាត់វិធានការតឹងតែងដើម្បីការពារ។ ពេលថ្មីៗនេះកម្លាំងប្រឆាំងភែរវកម្ម អាល្លឺម៉ង់ បានចាប់ខ្លួន ជនសង្ស័យ១១នាក់។
តុលាការព្រហ្មទណ្ឌទីក្រុងFrankfurt អាល្លឺម៉ង់ បានប្រកាស កាលពីថ្ងៃទី២២ខែមីនា ថា កម្លាំងប៉ូលិស បានចាប់ខ្លួនមនុស្ស ១១នាក់ ដោយចោទប្រកាន់ពីបទ ឡើងផែនការវាយប្រហារភេរវកម្ម ដោយប្រើប្រាស់កាំភ្លើងនិងរថយន្ត ក្នុងការវាយប្រហារ។
តាមការប្រកាសរបស់ចៅក្រម ជនសង្ស័យខាងលើមានផែនការសម្លាប់មនុស្ស ។ នៅក្នុងសេចក្តីប្រកាស ចៅក្រមមិនបានប្រកាសពីសញ្ជាតិ និងឈ្មោះជនដែលបានចាប់ខ្លួននោះឡើយ។ ក្រុមដែលបានចាប់ខ្លួនខាងលើ មានទំនាក់ទំនងជាមួយក្រុមជួញដូរអាវុធ ដោយជួលរថយន្តដឹកទំនិញធុនធំ និងរក្សាទុកប្រាក់សុទ្ធជាច្រើន ដើម្បីបំពេញសកម្មភាព។
កម្លាំងប៉ូលិសបានស្រាវជ្រាវ មនុស្ស ១០នាក់ក្នុងចំណោម១១នាក់ពីបទផ្គត់ផ្គង់ហិរញ្ញវត្ថុ ដល់ក្រុមភេរវកម្ម និងមានចេតនា បំពានច្បាប់។ ជនសង្ស័យមានអាយុចាប់ពី២០ដល់៤២ឆ្នាំរស់នៅតាមបណ្តាទីក្រុង ដូចជា Frankfurt, Offenbach, Wiesbaden និង Mainz ។
កន្លងមក កម្លាំងប្រឆាំងក្រុមភេរវកម្ម ប្រមាណ២០០នាក់ បាន ឆែកឆេរ នៅតាមបណ្តារដ្ឋ ដូចជា Hessen និង Rhineland –Platinate ។ ក្នុងយុទ្ធនាការនោះ កម្លាំងប៉ូលិស បានដកហូតកាំបិទជាច្រើន និងប្រាក់សុទ្ធជាង២មឺនអឺរ៉ូ និងគ្រឿងញៀនមួយចំនួនតូច ព្រមទាំងឯកសារ មួយចំនួនផងដែរ៕
ដោយ៖ មែវ សាធី