ភ្នំពេញ៖ Camara សុវត្ថិភាពបានបង្ហាញពីសកម្មភាពអសីលធម៍នៃមន្ត្រីអាវុធហត្ថមួយរូបស្លៀកពាក់សុីវិល ដែលត្រូវបានគេស្គា់ល់ថា៖ ឈ្មោះ សាន សុខុម ពាក់ស័ក្កិ៤ និងកូនលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បានដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួននៅកន្លែងលេងអ៉ិនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម តាំងពីខាងក្នុងបន្ទប់រហូតមកដល់ក្រៅ ហាក់សំញ៉ែងអំណាចខុសពីសីលធម៍ក្នុងនាមខ្លួនជាកងកម្លាំងប្រដាប់អាវុធ។
ករណីហិង្សានេះ ត្រូវបានលោកមៀច មករា កូនប្រុសលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ជាអ្នកបង្ហោះវីដេអូនៃការប្រើអំពើហិង្សានេះ ព្រមទាំងបានឲ្យដឹងថា៖ មន្ត្រីអាវុធហត្ថដែលប្រើហិង្សា និងយកកាំភ្លើងដែលគេឲ្យសម្រាប់បំពេញភារកិច្ចក្នុងនាមជាសមត្ថកិច្ចមកសំឡុតគំរាមគេនេះ គឺជាកូនប្រុសមេអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន។ បញ្ហានេះជាកំហុសធ្ងន់ធ្ងរបំផុតមិនអត់អោនចំពោះផ្លូវច្បាប់ ព្រោះជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ។
បុរសជាអ្នកបង្ហោះនេះ បានអះអាងថា ៖ជនដែលរងអំពើហិង្សានេះជាមិត្តភក្តិរបស់គេ។ កូនប្រុសអភិបាលរងខេត្តកំពង់ចាម ក៏បានស្នើនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក គួច ចំរេីន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌លើរឿងនេះផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា គឺរឹតបន្តឹងបំផុតចំពោះវិន័យកងទ័ព ប៉ុន្តែបុគ្គលមួយចំនួនច្រើនអនុវត្តផ្ទុយពីបទបញ្ជា អាងខ្លួនមានលុយ មានអំណាច ប្រព្រឹត្តមិនគម្បីក្នុងសង្គម។
រឿងនេះអាចប្រឈមនិងអស់ស័ក្តិតួនាទី ខណៈសង្គមស្អាតស្អំ ប្រទេសគ្រប់គ្រងដោយបច្បាប់ ត្រូវយកច្បាប់ជាធំ ៕
ដោយ៖ សិលា