ខេត្ដកំពត៖ សកម្មភាពកិនថ្មនៅ ស្រុកកំពង់ត្រាចនៅតែធ្វើសកម្មភាព ជាធម្មតាដូចជាប្រទេសគ្មានច្បាប់ ។ ពួក ឈ្មួញបានសារភាពត្រង់ៗថា ការដ្ឋាន កិនថ្មពួកគេគ្មានច្បាប់ទេ ។ ហេតុអ្វីបាន ស្ថាប័នជំនាញមិនបង្ក្រាបបើដឹងថាខុសច្បាប់ហើយនោះឬមួយក៏បានលុយមិន អាចបង្ក្រាបបាន?
តំណាងការដ្ឋានកិនថ្ម ចំនួន៤កន្លែង ដែលកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹក គគ្រេងមានទីតាំងនៅតំបន់រមណីយដ្ឋាន ភ្នំកំពង់ត្រាច ស្ថិតក្នុងឃុំកំពង់ត្រាច និង ឃុំអង្គរសុភីនៃស្រុកកំពង់ត្រាចបានថ្លែងទទួលស្គាល់ថា ការដ្ឋានកិន និងលក់ថ្មរបស់ ពួកខ្លួន ពុំមានច្បាប់ទេ ប៉ុន្ដែមានកញ្ចប់ ថវិកាជូនអាជ្ញាធរនិងមន្ដ្រីជំនាញ ។
បុរសម្នាក់ឈ្មោះ ទី ដែលអះអាងថា ខ្លួនតំណាងឱ្យម្ចាស់ការដ្ឋានកិនថ្មទាំងនោះ បានលើកឡើងថាការដ្ឋានរបស់ពួកលោក ពុំមានច្បាប់ទេ ប៉ុន្ដែលោកបានរៀបចំ កញ្ចប់ថវិកាទុកជូនអាជ្ញាធរ និងមន្ដ្រី ជំនាញគ្រប់គ្រាន់ ។
ទាក់ទងករណីនេះ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ដ កំពតបានថ្លែងថា ការដ្ឋានកិនថ្មភ្នំខាង លើមិនពាន់ព័ន្ធជាមួយមន្ទីររបស់លោក ទេ គឺពាក់ព័ន្ធជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ។
ចំណែកលោក អ៊ុំ ស៊ីណាត អភិបាល ស្រុកកំពង់ត្រាចបានថ្លែងទទួលស្គាល់ថា ទីតាំងកិនថ្មខាងលើពុំមានច្បាប់មែន ប៉ុន្ដែលោកមិនពាក់ព័ន្ធជាមួយរឿងរ៉ាវ ពុករលួយដូចការចោទរបស់តំណាង សិប្បកម្មនោះទេ ។ យ៉ាងណាក៏ដោយ ចំពោះបញ្ហានេះបានផ្ដើមឱ្យមជ្ឈដ្ឋាន មួយចំនួនមានការងឿងឆ្ងល់ថា បើ អភិបាលស្រុកក្នុងឋានៈជាគណៈមេបញ្ជាការរួមរបស់ស្រុកដឹងថា សិប្បកម្មខាង លើពុំមានច្បាប់ហេតុអ្វីក៏ធ្វើមិនដឹងមិនឮឱ្យការដ្ឋានបំផ្លាញថ្មភ្នំខាងលើដំណើរ ការទៅកើត ?
បើតាមសេចក្ដីរាយការណ៍ពីប្រជា ពលរដ្ឋបានឱ្យដឹងថា ម្ចាស់ការដ្ឋានកិន ថ្មទាំង៤ ទីតាំងខាងលើមានឈ្មោះ ទី , បារាំង , បៀវ និង ឈ្មោះណុក ៕
ដោយ៖ ហេង នរិន្ទ្រ