ភ្នំពេញ៖ តុលាការសម្រេចឃុំខ្លួននារីស្រស់ស្អាតម្នាក់ដែលជានិស្សិតនៅសាកលវិទ្យាល័យន័រតុន ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ទៅបុកម៉ូតូម៉ាកឌូកក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង និងបកត្រឡប់ក្រោយមកកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជិត១០០ម៉ែត្រ ហើយបុកប្រជាការពារនិងសមត្ថកិច្ចរងរបួស២នាក់ថែមទៀ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីស៊ើបអង្កេតជាបន្តទៀត ។
មន្ត្រីតុលាការ ថ្លែងថា នារីរូបនេះឈ្មោះ រ៉ូនី សេរីវឌ្ឍនា អាយុ២២ឆ្នាំ ត្រូវបានលោកព្រះ រាជអាជ្ញារង ចែ សុង ចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទបើកបរធ្វេសប្រហែលបណ្តាលឲ្យមានរបួសដល់អ្នកដទៃ និង បទបើកបរធ្វេសប្រហែលបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៣ និង មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
នារីស្រស់ស្អាតរូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៣ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ពី១៤លានរៀល ទៅ ៣០លានរៀល ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់មែន ។
គួរបញ្ជាក់ផងដែលថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង០០នឹង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ក្បែរឃ្លាំងប្រេងឥន្ឋនះសូគីម៉ិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
បេីតាមសាក្សីដែលឃើញ ហេតុការណ៍នេះបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ និងនារីម្នាក់ជិះម៉ូតូម៉ាឌូ ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1FF 0099 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R 8395 បើកបរដោយនារីម្នាក់ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូ បោកផ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង៣នាក់ ។
ប្រភពដដែល បានបន្តទៀតថា ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់និងកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតបានមកដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះជនរងគ្រោះ ហើយបានត្រូវ រថយន្តបង្កបានបន្តព្យាយាមបើករត់ប្រមាណជា១០០ម៉ែត្ររួចបើក ក្នុងល្បឿនយ៉ាងលឿនសំដៅមកកន្លែងកើតហេតុជាថ្មីបុកចំហ្វូង មនុស្សដែលកំពុងមើលជនរងគ្រោះ បុកនិងកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជា៥០ម៉ែត្រ បណ្តាលអោយយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម៍ ចំណែកយុវជននិងនារីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ។មិនតែប៉ុណ្ណោះនារីចិត្តឃោរឃៅម្នាក់នោះ មិនព្រឈប់រថយន្តនោះទេ បានបន្តបុកកម្លាំងសមត្ថកិច្ចនិងប្រជាការពាររងរបួសបន្ថែមទៀតទើបអស់ចិត្ត។ប្រភពបន្តទៀតថា ជនរងគ្រោះដែលរងរបួសទាំ៤នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ននារីបង្កហេតុត្រូវបានសមត្ថកិច្ចចរាចរណ៍ក្រុង បញ្ចូនទៅកាន់ពន្ធធានាគារគុកព្រៃស ដេីម្បីទទួលទោសផងដែរ ៕
ដោយ៖ ស ដារ៉ា