រោងចក្រស៊ីម៉ង់ត៍ ខេ ស៊ីមេន ក្លាយជារោងចក្រទី១ របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់ TPM

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រស៊ីម៉ង់ត៍ ខេ ស៊ីមេន ដែលជាសាខារបស់ក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅអាស៊ាន SCG (អេសស៊ីជី) បានក្លាយជារោងចក្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ស្តីពីភាពល្អឥតខ្ចោះនៃការគ្រប់គ្រងចង្វាក់ផលិតកម្ម និងការថែរក្សាបរិស្ថាន ឬ TPM Excellence Award កម្រិត A។ ពានរង្វាន់នេះត្រូវបានផ្តល់ឲ្យដោយវិទ្យាស្ថានថែទាំរោងចក្ររបស់ជប៉ុន ហៅកាត់ថា JIPM ដែលទទួលស្គាល់លើភាពល្អឥតខ្ចោះនៃផលិតកម្ម គុណភាពផលិតផល ការថែរក្សាបរិស្ថាន និងការទទួលខុសត្រូវសង្គម។

ចាប់តាំងពី SCG បានប្រតិបត្តិការរោងចក្ររបស់ខ្លួននៅខេត្តកំពតអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ក្រុមហ៊ុនពហុសាជីវកម្មមួយនេះ បានខិតខំអភិវឌ្ឍផលិតកម្ម និងដំណើរការផ្សេងៗរបស់ខ្លួនឲ្យមានភាពល្អប្រសើរឡើងឥតឈប់ឈរ និងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយគេបំផុតដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការថែទាំបរិស្ថាន។ ក្រោយពីដំណើរការនៃការជ្រើសរើសយ៉ាងល្អិតល្អន់ JIPM បានសម្រេចផ្តល់រង្វាន់ឲ្យរោងចក្រខេ ស៊ីមេន របស់កម្ពុជាលើកដំបូង។

ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ផ្តល់ឲ្យតែក្រុមហ៊ុនណាដែលសម្រេចបាននូវការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនតាមរយៈការបង្កើនផលិតភាព កាត់បន្ថយរយៈពេលនៃការខូចម៉ាស៊ីន កាត់បន្ថយការចំណាយថ្លៃដើមលើការផលិត ការពារឧប្បត្តិហេតុ និងកាត់បន្ថយ ក៏ដូចជាការពារការបំពុលបរិស្ថាន  ជាមួយនឹងការចូលរួមពីនិយោជិតទាំងស្រុង។ ការមានចង្វាក់ផលិតកម្មបែបនេះ គឺមានគោលបំណងក្នុងការធានាឲ្យបានថា អតិថិជនទទួលបានផលិតផលសម្រេចចុងក្រោយមានគុណភាពខ្ពស់បំផុត។

ក្រោយពីទទួលបានពានរង្វាន់ក្នុងទីក្រុង Kyoto ប្រទេសជប៉ុន លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) អគ្គនាយករបស់ក្រុមហ៊ុន SCG ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការទទួលបានពានរង្វាន់នេះ ហើយពិតណាស់ វាជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំបំផុតរបស់ក្រុមហ៊ុនយើង មកទល់ពេលនេះ។ រង្វាន់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់អនាគតកាន់តែល្អប្រសើរក្នុងប្រទេសកម្ពុជា។

យើងផ្តោតទៅលើគុណភាពខ្ពស់នៃផលិតផល ដែលអតិថិជននឹងទទួលបានពីយើង ហើយក៏ផ្តោតលើការថែទាំបរិស្ថាន និងការអភិវឌ្ឍន៍សហគមន៍ផងដែរ។ យើងយកចិត្តទុកដាក់ក្នុងការធ្វើឲ្យដំណើរការនៃការផលិតកាន់តែល្អប្រសើរ ដើម្បីផ្តល់សម្ភារសំណង់ប្រកបដោយគុណភាពខ្ពស់ ជាពិសេស ស៊ីម៉ង់ត៍ និងបង្កើនការខិតខំព្យាយាមរបស់យើងក្នុងការជួយឲ្យបរិស្ថាន និងគុណភាពរស់នៅក្បែររោងចក្រនេះ កាន់តែមានភាពល្អប្រសើរឡើង»

ក្រោយពីទទួលបានពានរង្វាន់នេះ ក្រុមហ៊ុន SCG មានគម្រោងក្នុងការបន្តការយកចិត្តទុកដាក់លើការផលិត និងប្រតិបត្តិការប្រកបដោយភាពល្អឥតខ្ចោះ តាមរយៈការធ្វើឲ្យរាល់ដំណើរការទាំងអស់ក្នុងរោងចក្រកាន់តែល្អប្រសើរឡើង ក៏ដូចជាត្រៀមខ្លួនក្នុងការប្រជែងយកពានរង្វាន់សម្រាប់ភាពល្អឥតខ្ចោះក្នុងការប្តេជ្ញាចិត្តដ៏រឹងមាំលើការថែទាំផលិតកម្មសរុប ឬ Award for Excellence in Consistent TPM Commitment ដែលជាពានរង្វាន់ មួយកម្រិតទៀតរបស់ TPM និងធ្វើឲ្យរោងចក្ររបស់ខ្លួនស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់កម្រិតពិភពលោកមួយនេះ។

លោកស៊ុមវ៉ាង បានបន្ថែមទៀតថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ដែលរោងចក្ររបស់យើងក្លាយជារោងចក្រដំបូងគេនៅកម្ពុជា ដែលបានឈ្នះរង្វាន់នេះ ហើយជាការរំពឹងទុក រោងចក្រផ្សេងទៀតទូទាំងកម្ពុជា នឹងទទួលបានការលើកទឹកចិត្តដើម្បីប្រជែងយកពានរង្វាន់នេះ ដូចដែលយើងធ្វើក្នុងអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនរបស់យើងនឹងបន្តអភិវឌ្ឍ និងធ្វើឲ្យប្រតិបត្តិការរបស់យើងកាន់តែល្អប្រសើរ ដើម្បីធានាឲ្យបានថា គុណភាព និងសុវត្ថិភាពរបស់យើង នៅតែរក្សាបាន ដើម្បីស្ថិតក្នុងកម្រិតដែលនាំឲ្យឈ្នះពានរង្វាន់បែបនេះ»

គួរបញ្ជាក់ដែរថាពានរង្វាន់ TPM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ ដើម្បីទទួលស្គាល់លើការអភិវឌ្ឍទៅលើការថែទាំផលិតកម្មសរុប (TPM) ក្នុងប្រទេសជប៉ុន និងលើកទឹកចិត្តដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុននោះ។ ពានរង្វាន់ TPM ដំបូងគេដែលត្រូវបានផ្តល់ឲ្យក្រុមហ៊ុននៅក្រៅប្រទេសជប៉ុន ត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៩១។

ពានរង្វាន់ TPM ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានថែទាំរោងចក្ររបស់ជប៉ុន (JIPM)។ ក្នុងឆ្នាំ១៩៨៩ ពានរង្វាន់ TPM នេះ ត្រូវបានកំណត់ឲ្យត្រួតពិនិត្យយ៉ាងយកចិត្តទុកលើក្រុមហ៊ុនទាំងមូល ពោលគឺចាប់តាំងពីហាងជាន់ផ្ទាល់ដី រហូតដល់មន្ទប់ប្រជុំរបស់សមាជិកប្រតិបត្តិ ដើម្បីបង្កើតឲ្យមានការប្តេជ្ញាចិត្តពិតប្រាកដទូទាំងក្រុមហ៊ុន ក្នុងការទទួលបានភាពល្អឥតខ្ចោះលើផលិតកម្ម៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print