សារឿន ម៉ាប់ ជាមេក្លោងបទល្មើសឈើនៅប៊ូស្រា ,បើ លោក សំរិទ្ធ ណយ មេក្លោងបើកបារ៉ាស់ អោយឈ្មួញដឹកឈើឆ្លងទៅវៀតណាម

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មេក្លោងបទល្មើសឈើ និងមេប៉ូលីស បានបើកដៃអោយឈ្មួញដឹកឈើឆ្លងទៅប្រទេសវៀតណាម ពួកគេគឺស្ថិតនៅឆ្ងាយពីក្រសែភ្នែកអាជ្ញាធរខេត្ត-ស្រុក-សមត្ថកិច្ច ,ជំនាញ,អាចស្រាវជ្រាវឈានដល់ចាប់ក្នុងបទល្មើសជាក់ស្តែងបាន ចំពោះជនទាំងនេះ គ្រប់ពេល។ ប្រសិនបើអស់លោកមានឆន្ទះ យកតួនាទីភារកិច្ចទៅបំពេញការងារចំគោលដៅ ឬឃ្លាតឆ្ងាយពីមនោសញ្ចេតនា មិនប៉ះពាល់សំណូកណា១ពីឈ្មួញ ឬពីកូនចៅ..?
ឈ្មួញឈ្មោះ សារឿន ម៉ាប់ ត្រូវបានអ្នកស្រុកពេជ្រា និយាយរួមអ្នកខេត្តមណ្ឌលគិរីតែម្តង បានដឹងយ៉ាងច្បាស់ថា៖ លោក សារឿន ម៉ាប់ ជាអ្នកប្រមូលទិញឈើ កេណ្ឌមនុស្ស អោយចូលព្រៃកាប់ឈើ នឹងមានត្រាក់ទ័រសម្រាប់អូសក្បាលឡានដឹកឈើជាប់ផុង ទាញឈើពីព្រៃជ្រោះជ្រៅ ដោយគាត់មានឡាន និងត្រាក់ទ័រ។ កន្លងមកឡានវៀតណាមចូលមកដឹកឈើក្នុងទឹកដីខេត្តមណ្ឌលគិរី ពេលរដូវភ្លៀងធ្លាក់ បណ្តាលអោយជាប់ផុង គឺលោក សារឿន ម៉ាប់ មានត្រាក់ទ័រ ទុកសុីឈ្នួលអូសក្បាលឡាន ដោយក្បាលឡាន១គ្រឿងយកតំលៃចាប់២០ដុល្លារឡើងទៅ ។ ពិសេសជាងនេះ លោក សារឿន ម៉ាប់ បានយកលុយពីក្រុមហ៊ុនវៀតណាម មកចាត់ចែងរត់ការផ្លូវ បែងចែកដល់អាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ន។ ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សារឿន ម៉ាប់ ដឹកឈើទៅវៀតណាមបានជាង២០ឡានឡង់គ្រឺស័រកែច្នៃបានយ៉ាងរលូន តាមច្រកទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ។ រហូតដល់ម៉ោង១២និង១២ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សារឿន ម៉ាប់ និងឈ្មោះ ឆុង បានបន្តដឹកចំនួន៥គោយន្តបន្តទៀត ចេញពីចំណុចភូមិប៊ូលូស ឃុំ ប៊ូស្រាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជិតការដ្ឋាន។ ប៉ុន្តែពុំមានវត្តមានសមត្ថកិច្ចណាអើពើនោះទេ ពេលកំពុងធ្វើសកម្មភាព ដែលគេទទួលស្គាល់ថា បើចាប់មានតែវាយបំបែកឆ្នាំងបាយខ្លួនឯងតែប៉ុណ្ណោះ។ ករណីនេះអាចថ្នាក់លើស្តីបន្ទោស ឬជ្រិញនិងប្រព័ន្ធផ្សព្វផ្សាយ បង្ហាញពីតថភាពបទល្មើសឈើពិតមែនជ្រុលៗទៅ ទើបនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ប្រជាជនរាយការណ៍មកថា៖ មានសមត្ថកិច្ច និងជំនាញដ៏ប្រសេកប្រសាចបានចុះទៅកាន់តំបន់នោះ ប៉ុន្តែមិនឃើញយកចិត្តទុកដាក់បង្ហាញស្នាដៃកើតចេញពីឆន្ទះបង្ក្រាបចាប់អោយចំគោលដៅទេ ហាក់មកបង្អើល ហាមមិនអោយឈ្មួញធ្វើសកម្មភាពតែប៉ុណ្ណោះ។ ប្រជាជនបាននិយាយថា៖ ក្រោយពីគេហទំព័រក្នុងស្រុក ពិសេសខាងគេហទំព័រ «នគរដ្រេហ្គន» គេហទំព័រ «នគរវត្ត» បង្ហាញពីសកម្មភាពដឹកឈើល្មើសច្បាប់ ស្រាប់តែនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ គឺមានសមត្ថកិច្ចបានចូលទៅតំបន់នោះ ប៉ុន្តែចូលទៅគ្រាន់តែបង្អើលៗទេ បើគាត់មានគំនិតចាប់មែន មិនខ្វះទេគំនរឈើ នៅក្នុងចំការកៅស៊ូបារាំងនឹងតែម្ដង ។
ដោយឡែកលោក សំរិទ្ធ ណយ មេប៉ុស្តិទ្វេរភាគីណាំលៀរ ជាមេក្លោងបង្កើតអោយមានបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម ដោយយកច្រករបស់ខ្លួនតែម្តងសម្រាប់ជាមធ្យោបាយ អោយឈ្មួញដឹកជញ្ជូនឈើ តាមរយះឡានឡង់គ្រឺស័រកែច្នៃ គោយន្តកែច្នៃ ជាភារកិច្ចរបស់លោក សំរិទ្ធ ណយ បើកបារ៉ាស់ ទទួលបានសេដ្ឋកិច្ចពីឈ្មួញទាំងខ្លួនសមគំនិតអោយមានបទល្មើសក្នុងតំណែងតួនាទី ភារកិច្ចរបស់ខ្លួនដែលមានតួនាទីបង្ក្រាប។ ចំពោះលោកផ្កាយ២ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី វិញមិនដឹងថាគាត់ទុកលោក សំរិទ្ធ ណយ សម្រាប់ប្រមូលសេដ្ឋកិច្ចពីបទល្មើសឈើឆ្លងដែន ខណៈបទល្មើសបន្តកើត លួចដឹកឆ្លងដែនជាញឹកញាប់ គឺលោកស្នងការមិនចាប់អារម្មណ៍សោះ ។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ទោះរងនូវការស្តីបន្ទោសយ៉ាងធ្ងន់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញបទល្មើសព្រៃឈើបន្តកើតមាននៅខេត្តមណ្ឌលគិរី ល្បីក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាអភិបាលខេត្តអសមត្ថភាព។ ប៉ុន្តែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរក្សាតំណែងចរិកព្រងើយកន្តើយ ទន់ជ្រាយដដែល រហូតដល់មតិខ្លះសង្ស័យលោកមានការទទួលសំណូកណា១ពីបទល្មើសនេះ។ ដូច្នេះឈ្មួញមានឱកាសច្រើនក្នុងជំនួញ ប្រមូលទិញ ដឹកជញ្ជូនឈើឆ្លងដែនទៅវៀតណាមបានជារឿយៗ ឈ្មួញមុខដដែលៗ សមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ន ធ្លាប់យកលុយមុខដដែលៗ រហូតដល់ប្រជាជនលើកដោយសំដីចំអកថា៖ អស់លោកទាំងនោះបើមិនមានបទល្មើសឈើ គាត់ដាច់បាយ មិនដឹងជាយកចំណេះទៅធ្វើការអីទេ…???

...

ដោយ៖ ស្រីមាស


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print