ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា​​៣,២១៣នាក់ នារី ២,៧០៤នាក់ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ

ចែករំលែក៖

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា​​៣,២១៣នាក់ នារី ២,៧០៤នាក់ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ ។

សូមដកស្រង់ប្រសាសន៍សម្តេចដូចខាងក្រោមនេះ ៖ 

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានយកចិត្តទុកដាក់ និងប្រឹងប្រែងលើការអប់រំ​ដែលជាក្បាល​ម៉ាស៊ីនក្នុងការបង្កើតធនធានមនុស្សអភិវឌ្ឍន៍ជាតិ តាំងសម័យរដ្ឋកម្ពុជា ពោលមុនពេលមានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលជិតដល់ពិធីបុណ្យចូលឆ្នាំថ្មី គេតែងនឹកទៅដល់ឆ្នាំធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដែលជាពេលធ្វើឱ្យកម្ពុជាធ្លាក់ទៅកលិយុគនៃភ្លើងសង្គ្រាម។ សម្តេចតេជោ បានបញ្ជាក់ថា បើគ្មានរដ្ឋប្រហារ ហើយទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំនោះសង្គមកម្ពុជា​នឹងកាន់តែរីក​ចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការធ្វើរដ្ឋប្រហារទេ សង្គមកម្ពុជាមិនរងនូវវិនាសកម្មអស់​ប្រមាណ ៣ទសវត្សរ៍នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយទសវត្សរ៍ឆ្នាំ៩០ ទើបកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសឡើង​វិញ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលល្អប្រសើរនាពេលបច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលជាឱកាសធំជាងគេពីសង្គម​មានសុខសន្តិភាពនេះ គឺសម្រាប់យុវជនកម្ពុជាក្នុងការសិក្សារៀនសូត្រ ទទួលបានចំណេះដឹង។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយពេលធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសជាតិចាប់ផ្តើម​វឹកវរ ហើយយុវជនក៏លែងមានឱកាសទទួលការអប់រំទៀតដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២០ឆ្នាំនៃសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះនិស្សិតអាហារូបករណ៍របស់សម្តេចមានជិត ២ម៉ឺននាក់ទៅហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណាកស្រុកមុនឆ្នាំ១៩៧០ គឺដើម្បីស្វែងរកមុខរបរថ្មី, ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ធ្វើចំណាកស្រុកចេញពីកន្លែងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលនិស្សិត ហើយក៏បានសម្តែងការអបអរសាទរដល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តន៍វប្បធម៌បង់ពន្ធ ដែលនាំឲ្យជាតិកើនចំណូលកាន់តែខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យថា នៅក្នុងខែមីនា ចំណូលពន្ធគយ និងពន្ធដារ មានជាង ៧០០លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកប្រាក់ខែប្រចាំខែមេសា គឺបើកផ្តល់នៅមុនចូលឆ្នាំខ្មែរ និងប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល បើកផ្តាច់ជូនតែម្តង មិនមែនបើកពីរសប្តាហ៍ម្តងទេ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមអ្នកប្រឆាំងឱ្យអង្គុយរង់ចាំមើលពីការដួលរលំរាជរដ្ឋាភិបាល សូមឱ្យរង់ចាំមើលទៅ។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពដំឡើងប្រាក់ខែជូនមន្ត្រីរាជការនោះទេ តែក៏មានលទ្ធភាពបើកពីរសប្តាហ៍ម្តងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្រេចឱ្យក្រុមហ៊ុន Royal Railway អ្នកឧកញ៉ា គិត ម៉េង វិនិយោគបន្តលើផ្លូវដែក ដោយសារបញ្ហាបច្ចេកទេសផ្ទេរសិទ្ធិនៅមានបញ្ហាស្មុគស្មាញ និងកែសម្រួលមិនទាន់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បន្តធ្វើការវិនិយោគលើផ្លូវដែករហូតមានកិច្ចព្រមព្រៀងថ្មី ដែលក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ (Royal Railway) អាចចូលរួមប្រកួតប្រជែងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់លោកតា លី ឡាយស្រេង ឱ្យត្រឡប់ចូលស្រុកវិញគ្មាននរណាចាប់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះមានឈាមជ័រជាវៀតណាមសុទ្ធ តែបែរជាជេរសម្តេចថា ក្បាលយួន ខ្លួនខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំឱ្យលោកតា លី ឡាយស្រេង ពេលមកដល់ស្រុកខ្មែរល្មមរកធម៌ហើយ កុំតាំងខ្លួនជាព្រឹទ្ធាចារ្យនយោបាយទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថភរិយារបស់សម្តេច និងកូនរបស់សម្តេចជាភរិយា និងកូនរបស់វៀតណាម គឺជាការប្រមាថដែលសម្តេចមិនអាចអត់ឱនឱ្យបាននោះឡើយរហូតអស់មួយជីវិត។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ឃ្លីបនៃការប្រមាថនេះត្រូវបានសម្តេចផ្ញើទៅតាមស្ថានទូតនានារួចហើយ ហើយបញ្ជាក់ប្រាប់ទូតទាំងនោះថា ការប្រមាថនេះហើយដែលសម្តេចមិនអាចលើកឡើងឱ្យបាននោះឡើយសម្រាប់ទណ្ឌិត សម រង្ស៉ី។

* សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ការប្រមាថនេះហើយ ដែលនាំឱ្យសម្តេចដាក់ចេញនយោបាយកម្ចាត់ទណ្ឌិត សម រង្ស៉ី ដូចសម្តេចដាក់នយោបាយកម្ចាត់ ប៉ុលពត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថមួយនេះមិនអាចសម្រុះសម្រួល និងលើកលែងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានទទួលរងនូវអយុត្តិធម៌ឆ្អែតឆ្អន់អស់ហើយ។ សម្តេចតេជោ បន្តថា ប្រទេសខ្លះតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ។ សម្តេចតេជោ ចោទសួរថា តើប្រទេសនោះមានសម្តែងការសោកស្តាយចំពោះការគាំទ្ររដ្ឋប្រហារនេះ និងគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិដែរទេ?

* សម្តេចតេជោ បានថ្លែងថា កម្ពុជាឆ្អែតឆ្អន់ហើយជាមួយការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ច និងនយោបាយ។ លំបាកខ្លាំងទម្រាំរើខ្លួនមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនត្រូវឱ្យប្រទេសដទៃប្រមាថបន្តទៀតនោះទេ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រឹងប្រែងរក្សាទឹកទុកក្នុងពេលមានភ្លៀងធ្លាក់។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កាកបាទក្រហម អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធចុះដោះស្រាយឱ្យបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការអុជធូបទៀនកុំឱ្យបង្កជាបញ្ហាគ្រោះអគ្គិភ័យ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថានៅវេលាម៉ោង៩៖៣៥នាទីព្រឹកថ្ងៃដដែលនេះ។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News ដែលផ្សាយគ្របដណ្តប់ទូទាំងប្រទេស ពេញ២៤ម៉ោង៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print