ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍ ថ្លែងប្រាប់ថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ អ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ពាក់ព័ន្ធគ្រឿងញៀនដ៏សម្បើម កំពុងដេកពេទ្យរុស្ស៊ី ដោយសារមានបញ្ហាជំងឺសួត ។
អ្នកឧកញ៉ា គិត ធាង អាចដេកសម្រាកពេទ្យរុស្ស៊ីបាន បន្ទាប់ពីលោកស្រីមេធាវី ពឹង ធីតា ដាក់ពាក្យស្នើសុំទៅលោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកឧកញ៉ាគិត ធាង ដាក់ពន្ធនាគារ PJ បណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ពីបទសម្រួលឲ្យមាន ការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ៕ ចេស្ដា