តុលាការ​បន្ត​ការ​សាកសួរ​លោក​ផែង​ វណ្ណៈ​ តាម​បណ្តឹង​មេធាវី​សម្តេច​តេជោ​ហ៊ុន​ សែន​

ចែករំលែក៖

ភ្នំពេញ​៖​តុលាការ​នឹង​បន្ត​ការ​សាកសួរ​លោក​ផែង​ វណ្ណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី​ សុផាណា​​​ ថ្លែង​ថា​ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ តុលាការ​សម្រេច​ឃាត់​ខ្លួន​​លោក​ ផែង​ វណ្ណៈ​ ។

លោក​ សរសេរ​តាម​បណ្ដាញ​សង្គម​ Telegram ថា​ “ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ​ រួចមក តំណាងអយ្យការបានសម្រេចឃាត់ខ្លួនបុគ្គល​នេះ​ហើយនឹងបន្តចំណាត់ការ”។

ដោយ​ឡែក​ លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ស្នេីសុំ​តុលាការ​ សម្រេច​ចោទប្រកាន់​ និង​ ផ្តន្ទា​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​លេី​លោក​ ផែង​ វណ្ណៈ​ តាម​បញ្ញត្តិ​ក្រម​ព្រហ្មទណ្ឌ​នៃ​កម្ពុជា​ ។

លោក​មេធាវី​ គី​ តិច​ ស្នេីសុំ​ធ្វើការ​ពិនិត្យ​ សម្រេច​ឃាត់​ខ្លួន​ ឬ​ ចាប់​ខ្លួន​ និង​ ឃុំ​ខ្លួន​លោក​ ផែង​ វណ្ណៈ​ ជា​បន្ទាន់​ដេីម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់​ ដែល​អាច​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។

នេះ​បេី​យោង​តាម​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ ចុះ​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៩​ ។

បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤និង​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១ សែន​រៀល​ទៅ​១០លាន​រៀល​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print