ភ្នំពេញ៖ ក្រោយបង្ហាញស្នេហាផ្អែមល្ហែម និងប្រកាសស្រលាញ់គ្នាដោយបើកចំហរអស់ជាច្រើនឆ្នាំតារាចម្រៀងស្រីយេៗ ទេព បូព្រឹក្ស បានបង្ហាញរូបថតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងឈុតកូនក្រមុំកម្លោះ ជាមួយគូស្នេហ៍ លោក ជា ដេវីតហើយ។ រូបភាពត្រៀមមង្គលការ Pre-Weeding ត្រូវបាននាងបង្ហោះកាលពីថ្មីៗនេះស្របពេលដែលពួកគេបានចេញទៅកម្សាន្តនិងថតរូបរួមគ្នានៅកោះម៉ាល់ឌីវទីកម្សាន្តដ៏ល្បីល្បាញនោះ។
រូបថតជាច្រើនសន្លឹកដែលពួកគេបានទម្លាយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងជូនពរសម្រាប់ការសម្រេចចិត្តចូលរោងការជាផ្លូវការ ។ក្រៅពីរូបថតសំលៀកបំពាក់បែបប្រពៃណីខ្មែរ តារាចម្រៀងស្រីសិចស៊ី និងអ្នកចម្រៀងរ៉េបខាងលើបានបញ្ចេញរូបថតផ្អែមល្ហែមជាច្រើនក្នុងឈុតសម្លៀកបំពាក់ទេពមច្ឆាផងដែរ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមជុំវិញរូបថត Pre-weeding របស់ពួកគេបាននៅឡើយទេ ប៉ុន្តែកន្លងមកពួកគេមិនធ្លាប់បញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដនៃការដឹកដៃគ្នាចូលរោងការជាផ្លូវការនៅពេលវេលាជាក់លាក់ណាមួយនៅឡើយ។
រូបថតស្រស់ស្អាតផ្អែមល្ហែមនៅលើកោះម៉ាលឌីវ នេះក៏បានធ្វើឲ្យគេចាំបានថាតារាចម្រៀងស្រីប្រចាំផលិតកម្មថោនគឺកញ្ញា ឈិត សុវណ្ណបញ្ញាក៏បានបង្ហាញរូបថតផ្អែមល្ហែមជាមួយបុរសប្លែកមុខម្នាក់ក្នុងដំណើរកម្សាន្តជួបជុំជាមួយអ្នកសិល្បៈមួយចំនួនទៀតផងដែរ។
ប្រសិនបើពួកគេសម្រេចចិត្តចូលរោងការជាផ្លូវការមែននោះពួកគេនឹងក្លាយជាតារាក្នុងផលិតកម្មហង្សមាស ម្នាក់ទៀតដែលសម្រេចចិត្តចូលរោងការនៅក្នុងឆ្នាំនេះដូចគ្នានឹងតារាចម្រៀងស្រីល្បីឈ្មោះឱក សុគន្ធកញ្ញាផងដែរ៕
ដោយ វឌ្ឍនា