រយៈពេល៧០ឆ្នាំទៅហើយណាតូបានរួមរស់សមគ្គីគ្នាយ៉ាងល្អបំផុតក្នុងការប្រឆាំង ស៊ូវៀតនាសម័យសង្គ្រាមត្រជាក់។ តាំងពីដើមមកអាមេរិក រាប់រ៉ងការចំណាយច្រើនទៅលើអង្គការមួយនេះ ដោយសារតែអង្គការនេះ បានបម្រើដល់ផលប្រយោជន៍និងគោលនយោបាយអាមេរិកច្រើនជាងគេ។
អង្គការណាតូបានបង្កើតឡើងនៅថ្ងៃទី ៤ខែមេសាឆ្នាំ១៩៤៩ ដោយពេលដំបូង មាន ប្រទេសជាសមាជិក១២ប្រទេស ។ ការបង្កើតឡើងនោះក្នុងគោលដៅប្រឆាំងនឹងសហភាពស៊ូវៀតនៅក្នុងសង្គ្រាមត្រជាក់។ ប៉ុន្តែក្រោយរយៈពេល៧០ឆ្នាំពិភពលោកមានការផ្លាស់ប្តូរជាទ្រងទ្រាយធំ ប៉ុន្តែអង្គការនេះនៅតែចាត់ទុករស្ស៊ីគឺជាការគំរាមកំហែង ដដែល ដើម្បីរក្សាសម្ព័ន្ធយោធានេះកាន់តែមានប្រសិទ្ធិភាព។
វិវាទកាន់តែតានតឹងនៅក្នុងអង្គការណាតូ ពិសេសគឺអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗនៅក្នុងអង្គការណាតូ ប្រឈមនឹងវិវាទជាទ្រង់ទ្រាយធំ ក្នុងឱកាសនៃខួបគម្រប់ ៧០ឆ្នាំ។
នៅក្នុងឱកាសខួបថ្ងៃបង្កើតណាតូ នៅថ្ងៃទីទ៤ខែមេសា គឺជាពេលវេលាដើម្បីសម្ព័ន្ធមិត្ត យោធា ណាតូ បង្ហាញពី សមគ្គីភាព នៅក្នុងក្រុម ។ ប៉ុន្តែនៅក្នុងឱកាសខួបគម្រប់៧០ឆ្នាំថ្ងៃទី៤ខែមេសាឆ្នាំ២០១៩នេះ ណាតូមានចំណុចមិនចុះសម្រុងគ្នាជាច្រើន បង្កក្តីបារម្ភយ៉ាងខ្លាំងពីការបែកបាក់ អាចឈានដល់ការរំសាយអង្គការមួយនេះ។
នៅក្នុងឱកាសខួប៧០ឆ្នាំ អគ្គលេខាធិការណាតូលោក Jens Stoltenberg បានបញ្ជាក់ថា បច្ចុប្បន្នណាតូមិនចង់ឲ្យមានសង្គ្រាមត្រជាក់ជាថ្មីនោះឡើយ ប៉ុន្តែ រុស្ស៊ីបានជំរុញឲ្យពិភពលោក ធ្លាក់ក្នុងតំណាក់កាល មិនមានសុវត្ថិភាព។ ជាក់ស្តែងគឺ សន្ធិសញ្ញា បរមាណូ អស់ប្រសិទ្ធភាព ដោយរុស្ស៊ីផលិតអាវុធជាច្រើន គម្រាមកំហែងដល់ប្រទេសជិតខាង។
តាំងពីដើមមកណាតូមានការសមគ្គីគ្នាយ៉ាងល្អ ប៉ុន្តែក្រោយពេលលោកត្រាំឡើងកាន់អំណាចដឹកនាំអាមេរិក លោកបានអនុវត្តគោលនយោបាយ អាមេរិកជាដំបូង នឹងកាត់បន្ថយការចំណាយផ្សេងៗជាច្រើន ក្នុងនោះមានទាំងអង្គការណាតូផងដែរ ។ នៅក្នុងជំនួបនាខួប៧០ឆ្នាំ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានរិះ គន់ប្រទេសអាល្លឺម៉ងមិនបានចំណាយប្រាក់ គ្រប់គ្រាន់សម្រាប់ណាតូ និងថ្កោលទោសដល់ប្រទេសតួកគីដែល ទិញប្រព័ន្ធមីស៊ីលពីរុស្ស៊ីជាដើម។ ទាំងនោះហើយបានធ្វើឲ្យណាតូកាន់តែបែកបាក់ ដោយសារតែអាមេរិកបង្ខំឲ្យចំណាយប្រាក់ ច្រើនជាងនេះសម្រាប់ណាតូ៕