លោកឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញអគ្គិសនី រាជធានី និងអាជ្ញាធរខណ្ឌ សហការល្អជាមួយពលរដ្ឋ ពេលបោះបង្គោលតង់ស្យុងចំផ្ទះពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តបញ្ជារបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធរួមគ្នា ដោះស្រាយផលប៉ះពាល់ លើគម្រោងខ្សែបញ្ជូនចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ ចំនួន១០បង្គោល ត្រូវអនុវត្តតាមបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី វិធានការដោះស្រាយបន្ទាន់ ចំពោះផលប៉ះពាល់ពីគម្រោងសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនី ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីបាន ប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរពាក់ព័ន្ធ រួមមាន អាជ្ញាធរអគ្គិសនី មន្រ្តីមូលដ្ឋាន ខណ្ឌ សង្កាត់ និង អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យ និងដោះ ស្រាយ ទៅតាមគោលនយោបាយ និងបញ្ជារបស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនោះ មន្រ្តីពាក់ព័ន្ធក៏បានបង្ហាញពីផលប៉ះពាល់គម្រោងខ្សែបញ្ជូន២៣០ គីឡូវ៉ុល និង ៥០០​គីឡូវ៉ុល ដែលជាខ្សែបញ្ជូនអាទិភាព ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបញ្ជូនថាមពលពីប្រភពខាងត្បូង មកប្រើប្រាស់ក្នុងប្រព័ន្ធបណ្តាញជាតិ ទាំងមូល ជាពិសេសក្នុងរាជធានីភ្នំពេញ ហើយត្រូវបញ្ចប់ឱ្យបានមុនចុង ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

ដើម្បីធានាឱ្យការសាងសង់គម្រោងខ្សែបញ្ជូននេះ បញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការ តាមផែនការ រាជរដ្ឋាភិបាល បានដាក់ចេញនូវ បទបញ្ជា ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី\ខេត្តទាំង៤មានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ អភិបាលរាជធានី\ខេត្តទាំងនោះ ត្រូវធ្វើជាប្រធានដឹកនាំការងារដោះស្រាយផលប៉ះពាល់ដោយផ្ទាល់។

អនុវត្តតាមបទបញ្ជាខាងលើ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានប្រជុំជម្រុញឱ្យមន្រ្តីពាក់ព័ន្ធ អនុវត្តដោយយកចិត្តទុកដាក់បំផុត ដោះស្រាយលើផលប៉ះពាល់ពីគម្រោងនេះ ពិសេស បង្គោលទាំង១០ ក្នុងទឹកដីរាជធានីឱ្យមានប្រសិទ្ធភាព តាមផែនការ។

លោក អភិបាល បានស្នើឱ្យមន្រ្តីអនុវត្តទាំងអស់ ត្រូវសហការគ្នា ធ្វើការឱ្យមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ មិនលំអៀងឬទំនោទៅរកបុគ្គលណាមួយនោះឡើយ ត្រូវសិក្សាឱ្យបានល្អិតល្អន់តាមគន្លងខ្សែបញ្ជូនចរន្តអគ្គិសនីទាំង១០បង្គោល ដោយអញ្ជើញគ្រប់ភាគីពាក់ព័ន្ធមកប្រឹក្សា ពិភាក្សា តាមផ្លូវច្បាប់ ស្វែងរកយន្តការ ដោះស្រាយឱ្យបានលឿន និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោក អភិបាល ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ខាងលើ មេត្តា យោគយល់ អធ្យាស្រ័យ និងចូលរួមសហការឱ្យបានល្អ ជាមួយមន្រ្តីគ្រប់ផ្នែក ដោយគិតគូរពីផលប្រយោជន៍រួម ប្រសើរជាងផល ប្រយោជន៍ឯកជន ដោយទទួលយកនូវការដោះស្រាយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យការសាសង់ទទួលបានជោគជ័យតាមផែនការ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print