ភ្នំពេញ៖បុរសម្នាក់ដែលមហាជនឱ្យរហស្សនាមថាបុរសដៃខ្លាំង វៃនារីម្នាក់មួយដៃអុកគូទនឹងថ្នល់ នៅផ្សារកណ្ដាល ត្រូវបានសមត្ថកិច្ចបញ្ជូនដល់តុលាការហើយ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះ ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់ ថា កន្លងមកជនសង្ស័យ ធ្លាប់ជាប់គុកព្រៃសរយៈពេល១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧ដល់ឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបានប្តឹងដោយឪពុកម្ដាយបង្កើត តែម្ដង ។
ពេលនេះ មហាជនរង់ចាំមើលថា តេីតុលាការនឹងសម្រេចយ៉ាងដូចម្ដេចចំពោះបុរសដៃខ្លាំងរូបនេះ ។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។
បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។
ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ។
ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ៕ចេស្តា