ចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរអាព្យាស្រ័យរវាងគ្នានិងគ្នាផង..!.. របួស និងស្លាប់ ៨នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍បីលើកនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់បានស្លាប់ជាបន្តបន្ទាប់ នៅនឹងកន្លែង និងពេលបញ្ជូនទៅសង្រ្គោះ ព្រមទាំងចំនួន ៦នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា៖ នៅរសៀលថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩.១៧០ ម្ដុំផ្លូវថ្នល់បំបែកទៅភ្នំបាយឃ្លះ ស្ថិតក្នុងភូមិកណ្ដុរស ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ និងម៉ូតូស្របទិសគ្នា(កើិតលិច) បង្កឡើងដោយអ្នកបើកបរ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W 7623 ជិះខាងក្រោមផ្លូវ(ផ្លូវថ្មី) លុះមកដល់ចំណុចកើតហេតុបត់ឡើងមកលើក្នុងគោលបំណងឆ្លងផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូផ្លូវត្រង់បុលពេញទំហឹងរងរបួសទាំងសង់ខាងចំនួន ៣នាក់ ។

ដោយឡែក៖ របាយការណ៍នគរបាលក្រុងពោធិ៍សាត់ឯនេះឃើញដែរថា នៅវេលាម៉ោង៤ និង៥០នាទី រសៀលថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ០១.០២ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកផងដែរ បង្កឡើងដោយក្មេងស្រី អាយុ ១៣ឆ្នាំឌុបគ្នា ដោយម៉ូតូ ១គ្រឿងម៉ាក ស្មាស ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 0818 បានជិះពេញពីក្នុងផ្ទះឆ្លងផ្លូវពីកើតទៅលិច ខណៈនោះអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង បានជ្រុលបុកពេញទំហឹង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសង់ខាងចំនួន ៣នាក់ទៀត ។

របាយការណ៍នគរបាលក្រុងពោធិ៍សាត់ដដែលបន្តទៀតថា លុះនៅវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្តមិនស្គាល់ម៉ាក ១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុជ្រុលបុកអ្នកជិះម៉ូតូឌុបគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ និងស្រ្តីរួមដំណើរស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះ ។

ប្រភពព័ត៌មានពីរបាយការណ៍នគរបាលខាងលើបញ្ជាក់បន្ថែមទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ នគរបាលជំនាញចរាចរណ៍ផ្លូវគោកកំពុងមមាញឹកបន្តនីតិវិធី ក្រោយពេលចប់សព្វគ្រប់ក្នុងការចាត់ចែងជនរងរបួស និងស្លាប់បាត់បង់ជីវិត រួមទាំងវត្ថុតាងម៉ូតូផងដែរនោះ៕

...

ដោយ៖បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print