បុរស​ដៃ​ខ្លាំង​ដែល​វៃ​នារី​ម្នាក់​នៅ​ផ្សារ​កណ្ដាល​ដួល​អុក​គូទ​ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​

ចែករំលែក៖

ភ្នំពេញ​៖ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​សឿន​ មុនី​រ័ត្ន​ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ដែល​វៃ​នារី​ម្នាក់​បណ្តាល​ឱ្យ​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ នេះ​បេី​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ថ្លែង​ប្រាប់​ នៅ​ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ។

បច្ចុប្បន្ន​ចៅក្រម​ស៊េីបសួរ​ កំពុង​បន្ត​នីតិវិធី​លេី​ជនត្រូវចោទ​ ហើយ​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ ។

សូម​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ​ ដែល​មហាជន​ឱ្យ​រហស្សនាម​ថា​បុរស​ដៃ​ខ្លាំង​ ធ្លាប់ជាប់គុកព្រៃស​រយៈពេល១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧ដល់​ឆ្នាំ​២០០៨ ពីបទ​បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបាន​ប្តឹង​ដោយឪពុកម្ដាយបង្កើត តែម្ដង​ ។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។

បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print