ខេត្តកំពង់ចាម៖ ក្មេងស្រី២នាក់ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀតអាយុ១១ឆ្នាំ បានលង់ទឹកស្រះស្លាប់ គ្រាដែលឪពុកម្ដាយចេញទៅធ្វើការនៅឯចំការហើយក្មេងស្រីរងគ្រោះទាំង២នាក់បាននាំគ្នាទៅដើរលេងនៅក្បែរមាត់ទឹកស្រះខាងក្រោយភូមិមានជម្រៅជិត២ម៉ែត្រ ។
ករណីដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិអូរដាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ទី១មានឈ្មោះគឿ ស៊ាម៉ី អាយុ៤ឆ្នាំ ទី២ឈ្មោះលេង រដ្ឋា អាយុ១១ឆ្នាំ ទាំង២នាក់មានផ្ទះនៅជិតគ្នា ក្នុងភូមិកើតហេតុខាងលើ ដោយបាត់យូរមិនឃើញកូនស្រី ឪពុកម្ដាយបាននាំគ្នាដើររក ស្រាប់តែប្រទះឃើញស្បែកជើងកូននៅក្បែរមាត់ស្រះទើបដឹងថា កូនត្រូវលង់ទឹក ក៏បាននាំគ្នាចុះស្រង់ឡើងមកលើគោកតែមិនអាចជួយសង្គ្រោះជីវិតនោះទេ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីនេះអាចក្មេងស្រីបងរអិលជើងធ្លាក់ចូលក្នុងទឹកស្រះហើយក៏ស្រវ៉ាចាប់ទាញយកក្មេងស្រីប្អូនលង់ស្លាប់ទាំង២នាក់តែម្ដង ។ សមត្ថកិច្ចនគរបាល ស្រុកចំការលើបានចុះពិនិត្យសាកសពក្មេងស្រីរងគ្រោះហើយប្រគល់ឲ្យឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ហេង សូរិយា