ពាក់ព័ន្ធគ្រឿងញៀន អតីតៈប្រធានាធិបតីប៉េរ៉ូ ម្នាក់ធ្វើអត្តឃាត ម្នាក់ដេកពេទ្យ

ចែករំលែក៖

ប្រទេសប៉េរ៉ូ៖ រដ្ឋាភិបាលប៉េរ៉ូ បានចាត់វិធានការតឹងតែងបំផុត ប្រឆាំងអំពើពុករលួយ លាងលុយខ្មៅ ធ្វើឲ្យមន្ត្រីជាច្រើនត្រូវបាត់បង់តំណែង ។ ចំណែកអតីតៈប្រធានាធិបតីវិញ ក៏មិនរួចខ្លួននោះដែរ ដោយស្ថិតនៅក្នុងការស្រាវជ្រាវឈានដល់ការចាប់ខ្លួនកាត់ទោសទៅតាមផ្លូវច្បាប់ ។
ទាំងនោះហើយបានធ្វើឲ្យ អតីតៈប្រធានាធិបតីប៉េរ៉ូ ម្នាក់ទៀតហើយបានចូលព្យាបាលនៅក្នុងមន្ទីពេទ្យ ក្រោយពេលប៉ូលិសបានចាប់ខ្លួនពីបទពុករលួយ ។
អតីតៈប្រធានាធិបតីប៉េរ៉ូ លោក Dedro Pablo Kuczynski បានបញ្ជូនទៅកាន់មន្ទីពេទ្យ  ក្រោយកម្លាំងប៉ូលិសប្រឆាំងពុករលួយ បានចាប់ខ្លួនដើម្បីស្រាវជ្រាវ ករណី លាងលុយ ពាក់ព័ន្ធក្រុមហ៊ុន សាងសង់របស់ប្រេស៊ីល ។ លោក Dedro Pablo Kuczynski  អាយុ ៨០ឆ្នាំ បានបញ្ជូនទៅកាន់មន្ទីពេទ្យនៅថ្ងៃទី១៧ខែមេសា ដោយសារតែ លើសឈាម។ អតីតៈប្រធានាធិបតីត្រូវបានត្រួតពិនិត្យនិងមើលថែជាពិសេស ។
លោក Dedro Pablo Kuczynski ត្រូវបានចៅក្រមចេញបញ្ជាឲ្យចាប់ខ្លួនដើម្បីបំពេញការស្រាវជ្រាវពាក់ព័ន្ធករណីពុករលួយ លាងលុយខ្មៅ ប្រមាណជិត១លានដុល្លារ របស់ក្រុមហ៊ុនសាងសង់ Odebrecht កាលពីជិត១០ឆ្នាំកន្លងមក ។ នៅថ្ងៃទី ១៨ខែមេសានេះតុលាការ នឹងសម្រេចឃុំខ្លួនលោក រយៈពេល ៣ឆ្នាំ ប៉ុន្តែពេលនេះ ត្រូវពន្យាពេលកាត់ក្តីដោយសារតែ លោក Dedro Pablo Kuczynski ព្យាបាលនៅក្នុងមន្ទីពេទ្យ ។
ជាមួយគ្នានេះដែរ  អតីតៈប្រធានាធិបតី ប៉េរ៉ូគឺលោក Alan  Garcia បានសម្រេចធ្វើអត្តឃាត ក្រោយពេលប៉ូលិស រៀបចំចាប់ខ្លួនពីបទពុករលួយ ។ លោក Alan កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ខណៈប៉ូលិសត្រៀមរៀបចំចាប់ខ្លួនលោក សង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់កាលពីអំឡុងពេល នៅកាន់អំណាចជាមេដឹកនាំប្រទេសនោះ ។
ប្រធានាធិបតីបច្ចុប្បន្នរបស់ Peru លោក Martin Vizcarra បានថ្លែងនៅលើប្រព័ន្ធទំនាក់ទំនងសង្គម Twitter ថា លោកសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតចំពោះការបាត់បង់ជីវិតរបស់អតីតៈប្រធានាធិបតី Alan Garcia ក្រោយការធ្វើអត្តឃាត ហើយរងរបួស បញ្ជូនទៅដល់មន្ទីរពេទ្យ ។

អតីតប្រធានាធិបតី Alan Garcia កាន់តំណែងពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩០ និងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១ បានស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ពាក់ព័ន្ធអំពើលាងលុយខ្មៅ និងទទួលសំណូកសូកប៉ាន់ ក្នុងទំហំទឹកប្រាក់ពុករលួយចំនួនច្រើនសន្ធឹកសន្ធាប់ ។
ប៉ូលិសបានទៅដល់លំនៅឋានរបស់គាត់តាមរយៈដិការបស់តុលាការនៅវេលាម៉ោង៦និង៣០នាទីព្រឹក ពេលនោះ លោក Alan Garcia បានប្រាប់ថា ចង់ហៅមេធាវីរបស់គាត់មកជួប ត្រូវការចូលទៅបន្ទប់គេង ហើយភ្លាមៗនោះ ក៏សូរសំឡេងកាំភ្លើងផ្ទុះមួយគ្រាប់ ប៉ូលិសក៏បានសម្រុកចូលទៅកាន់បន្ទប់គេង ឃើញលោក Alan Garcia រងរបួសធ្ងន់ធ្ងរនៅត្រង់ក្បាលទៅហើយ ។
លោក Carlos Morán រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Peru បានថ្លែងទៀតថា លោក Garcia អាយុ៦៩ឆ្នាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ស្ថិតនៅក្នុងរដ្ឋធានី Lima ទីនោះក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា មិនអាចជួយសង្គ្រោះជីវិតបានឡើយ ។
មេធាវីរបស់អតីតៈប្រធានាធិបតីរូបនេះ គឺលោក Erasmo Reyna បានថ្លែងនៅខាងក្រៅមន្ទីរពេទ្យ Casimiro Ulloa មុនពេលមរណភាពរបស់ លោក Martin Vizcarra ថា «អតីតៈប្រធានាធិបតីបានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង» ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print