ខេត្តបន្ទាយមានជ័យ ៖ សពនាយករងសាលាបឋមសិក្សា១នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួនមិនដឹងមូលហេតុនិងដើមស្នាយកំពស់២,៥០ម៉ែត្រខណៈដែលអ្នកភូមិទៅឃ្វាលគោនៅវាលស្រែ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងលិចសាលាបឋមសិក្សារំពាក់ ចម្ងាយ១៥០ម៉ែត្រ ភូមិរំពាក់ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សពដែលអ្នកភូមិស្គាល់ឈ្មោះ កាន់ ភីឡា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិរំពាក់ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានតួនាទីជានាយករង នៃសាលាបឋមសិក្សារំពាក់។
បើយោងតាមការអះអាងរបស់លោកមេភូមិរំពាក់បានឲ្យដឹងថា នៅនៅយប់មុនកើតហេតុថ្ងៃទី១៨មេសា ២០១៩ ឈ្មោះកាន់ ភីឡា បានធ្វើបុណ្យឆ្លងចេតីយ៍ឪពុកក្មេក ដោយអ្នកភូមិឃើញគាត់បានបម្រើភ្ញៀវជាធម្មតាហើយមានការហូបស្រាបន្តិចបន្តួច និងបានរាំលេងសប្បាយជាមួយបងប្អូនអ្នកភូមិ។ កន្លងមក ឈ្មោះ ភីឡា នេះគឺតែងតែផឹកស្រាស្រវឹងជាប្រចាំផងដែរ។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះទៅពិនិត្យសាកសព ដោយសហការជាមួយអាជ្ញាធរភូមិ ឃុំ រួមទាំងសាច់ញាតិនិង គ្រូពេទ្យមណ្ឌលសុខភាពឃុំ ឃើញថា៖នៅលើខ្លួនសពឈ្មោះកាន់ ភីឡា គឺពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងករណីអំពើឃាតកម្មនោះឡើយ គាត់ពិតជាធ្វើអត្តឃាត់ចង.ក សម្លាប់ខ្លួន ។
បុរសរូបនេះ បានយកខ្សែលួសប្រវែង១ម៉ែត្រ ទំហំ២លី ចង.កនិងមែកដើមស្នាយ តែមូលហេតុបណ្តាលឲ្យធ្វើអត្តឃាតសម្លាប់ខ្លួន នៅមិនទាន់ដឹងនៅឡើយ។ក្រោយពីធ្វើកោសល្យវិច្ច័យរួច សពត្រូវបានប្រគល់ឲ្យប្រពន្ធ និងសាច់ញាតិចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា