ខេត្តពោធិ៍សាត់៖ លោក ភួង ស្រៀវ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃដែនឱរ៉ាល់ដែលគេរាយការណ៍ថា បាត់មុខមួយរយៈ ទំនងជាត្រូវក្រសួងបរិស្ថានដកតំណែងនោះ ឥឡូវគេឃើញគាត់ត្រឡប់ទៅកាន់កន្លែងធ្វើការវិញ និងប្រកបរបររកស៊ីទិញឈើដូចមុនដដែល។ គេមិនដឹងថា តើមានវត្តមានលោក ភួង ស្រៀវនៅតំបន់ភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់នោះក្នុងតួនាទីជាប្រធានស្នាក់ការដែនជម្រកដដែល ឬក៏គ្រាន់តែជាឈ្មួញនោះទេ ។ ប៉ុន្តែលោក ភួង ស្រៀវ បានដើរនិយាយថា គាត់ត្រឡប់មកតួនាទីដដែល ។
លេខទូរស័ព្ទដែលធ្លាប់ទាក់ទងជាមួយលោក ភួង ស្រៀវ នោះ ឥឡូវមិនអាចទាក់ទងបានទេ ។
ប្រភពរាយការណ៍ថា តំបន់ដែលគ្រប់គ្រងដោយលោក ភួង ស្រៀវ ជិតរលាយហិនហោចព្រៃឈើទៅហើយ ។ ប្រជាពលរដ្ឋដែលចូលទៅកាប់ព្រៃក្នុងតំបន់ដែនជម្រកត្រូវបង់ប្រាក់ឲ្យលោក ភួង ស្រៀវ ។ លោកភួង ស្រៀវ យកលុយពីអ្នកកាប់ឈើក្នុងនាមមន្ត្រីបរិស្ថាន ។ ពេលដែលប្រជាពលរដ្ឋកាប់ឈើបានត្រូវលក់ឲ្យឈ្មួញក្នុងមួយម៉ែត្រគូប តម្លៃ ៤០០ដុល្លារ ។ ប្រជាពលរដ្ឋទាំងនោះត្រូវអូសឈើពីក្នុងព្រៃយកមកលក់ឲ្យឈ្មួញនៅចំណុចក្រនម ស្ថិតក្នុងភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ និងមួយកន្លែងទៀតស្ថិតនៅចំណុចក្សេត្របុរី ក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ។
ពេលដឹកមកដល់ចំណុចទាំងពីរខាងលើនេះ ពួកឈ្មួញដែលទិញឈើពីប្រជាពលរដ្ឋត្រូវលក់ឈើនោះឲ្យលោក ភួង ស្រៀវ វិញម្តង ។ លោកភួង ស្រៀវ ទិញឈើពីឈ្មួញក្នុងតម្លៃ៦០០ដុល្លារក្នុងមួយម៉ែត្រគូប ។ លោក ភួង ស្រៀវទិញឈើទាំងនោះយកមកលក់បន្តទៀតឲ្យថៅកែធំម្នាក់ក្នុងស្រុកក្រគរ ។ គេរាយការណ៍ថា ថៅកែធំនោះ គ្មានអ្នកណាអាចប៉ះពាល់បានទេ ។ មួយរយៈកន្លងទៅនេះ សមត្ថកិច្ចដែលបង្ក្រាបឈើនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក៏ដោយសារតែឥទ្ធិពលឈ្មួញឈើធំនៅស្រុកក្រគរនោះដែរ ។
មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ក៏មិនអាចទាក់ទងបានដែរ ។ គេមិនដឹងថា តើរឿងរ៉ាវលោក ភួង ស្រៀវនេះមានជំពាក់វាក់វិនដល់ក្រសួងបរិស្ថានដែរ ឬយ៉ាងណានោះទេ ។ យ៉ាងណាក៏ដោយ ដែនជម្រកសត្វភ្នំឱរ៉ាល់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលគេរំពឹងថា ក្រសួងមិនអនុញ្ញាតឲ្យលោកភួង ស្រៀវ ធ្វើអ្វីស្រេចតែនឹងចិត្តនោះឡើយ ៕
ដោយ៖ ហេង សូរិយា