តាអាចារ្យ២នាក់ ជិះម៉ូតូឌុបគ្នា ត្រូវអ្នកបើកបររថយន្តបុកឲ្យរបួសធ្ងន់ រហូតស្លាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ លោកតាអាចារ្យវត្ដ២នាក់ ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីលោកតាទាំង២នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដកាមរីមួយគ្រឿងបើកបរដោយល្បឿនលឿន បានបុកម៉ូតូលោកតាពីក្រោយពេញមួយទំហឹង ត្រង់ចំណុចលើស្ពាន ស្ថិតក្នុងភូមិសំប៉ានក្រោម  ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា លោកតារងគ្រោះស្លាប់បាត់បង់ជីវិតមាន២នាក់ ទី១/ឈ្មោះ ហ៊ុន គា អាយុ៧៧ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា គុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1N-2636 និងទី២/ឈ្មោះ ស៊ន ឈាង ភេទប្រុស អាយុ៦៨ឆ្នាំ ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង២ នាក់ គឺជាអាចារ្យ មានទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកអ្នកបើកបររថយន្ដឈ្មោះ គ្រី វ៉ាន់ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកលក់ថ្នាំពេទ្យ មានទីលំនៅភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ(ឃាត់ខ្លួន) បើកបររថយន្ដម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0077 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញលោកតារងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចលើស្ពាន(ចំណុចកើតហេតុ) ក៏មានរថយន្ដមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅខាងលើ បើកបរដោយល្បឿនលឿន ក្នុងទិសដៅស្របគ្នា បានបុកម៉ូតូលោកតារងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យលោកតាដួលបោកទៅនឹងស្ពានរងរបួសធ្ងន់ទាំង២នាក់ និងបានដាច់ខ្យល់ស្លាប់ខណៈកំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដ រួមទាំងរថយន្ដ ត្រូវបានសមត្ថកិច្ចជំនាញស្រុក ធ្វើការឃាត់ទុក រួចពិនិត្យវាស់វែង និងកសាងឯកសារយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ចំណែកសាកសពលោកតារងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print