ខេត្តបន្ទាយមានជ័យ ៖ ស្រុកក្រុងចំនួន៤ក្នុងខេត្តបន្ទាយមានជ័យគឺស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណបានបន្តរងគ្រោះដោយគ្រោះធម្មជាតិទៀតហើយខ្យល់កន្រ្តាក់លាយឡំនិងភ្លៀងផ្គរន្ទះដោយរន្ទះបាញ់សម្លាប់គោ៥ក្បាល បំផ្លាញផ្ទះសរុប៨១ខ្នងនិងសាលារៀន១ខ្នង ក្នុងហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ហេតុការណ៍គ្រោះធម្មជាតិនោះសេចក្តីរាយការណ៍ឱ្យដឹងថាពុំបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះឡើយ។
បើយោងតាមរបាយកាណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឱ្យដឹងថា គ្រោះធម្មជាតិបង្កប៉ះពាល់២ឃុំគឺឃុំប៉ោយចារនិងឃុំពន្លៃ ក្នុងនោះឃុំពន្លៃរន្ទះបាញ់សម្លាប់គោ៥ក្បាល នៅក្នុងភូមិតាវង ខណៈដែលគោ៥ក្បាលត្រូវបានម្ចាស់ប្រលែងឱ្យស៊ីស្មៅនៅវាលស្រែ ម្ចាស់ឈ្មោះ សេ ហូ ភេទប្រុសអាយុ៦៤ឆ្នាំ។ នៅឃុំប៉ោយចារ ផ្ទះចំនួន៤ភូមិសរុប១៦ខ្នងរងការខូចខាតដោយរបើកដំបូលនៅភូមិតាអុង១០ខ្នង, ភូមិត្រពាំងថ្មខាងជើង២ខ្នង,ភូមិត្រពាំងថ្មខាងត្បូង២ខ្នងនិងភូមិត្រពាំងថ្មកណ្តាល២ខ្នង។
ខ្យល់កន្រ្តាក់ផងដែរបើយោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកស្វាយចេក, អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងអធិការនគរបាលក្រុងសិរីសោភ័ណ ឱ្យដឹងថា ស្រុកស្វាយចេកខ្យល់ កន្រ្តាក់បំផ្លាញផ្ទះអ្នកភូមិ៦១ខ្នង សាលារៀន១ខ្នង ស្ថិតនៅក្នុងឃុំសារង្គ ក្នុងនោះភូមិភាសជើងរបើកដំបូលផ្ទះ១៣ខ្នង,ភូមិភាសត្បូងរបើកដំបូលផ្ទះ៤ខ្នង,ភូមិជ្រុងរបើកដំបូលផ្ទះ៩ខ្នង,ភូមិផ្លាកង់របើកដំបូលផ្ទះ១ខ្នង,ភូមិគោកភ្លូរ២៤ខ្នង,ភូមិកន្រ្ទង់របើកដំបូល២៤ខ្នងនិងរបើកដំបូលសាលាបឋមសិក្សាសារង្គ១ខ្នង។ស្រុកព្រះនេត្រព្រះ ខ្យល់កន្រ្តាក់បង្កប៉ះពាល់២ឃុំគឺឃុំឈ្នួរមានជ័យនិងឃុំបុស្បូវរងការខូចខាតផ្ទះ៣ខ្នងរបើកដំបូល២ខ្នងនិងដួលរលំ១ខ្នង ដោយឡែកក្រុងសិរីសោភ័ណបង្កការខូចខាតផ្ទះ២ខ្នងរបើកដំបូលផ្ទះនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា។
សូមរំលឹកថាជុំវិញគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្រុកក្រុងចំនួន៨ គឺស្រុកស្វាយចេក,ស្រុកភ្នំស្រុក,ស្រុកអូរជ្រៅ,ស្រុកមង្គលបូរី,ស្រុកព្រះនេត្រព្រះ,ស្រុកថ្មពួក,ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផ្គររន្ទះនោះផងដែរបណ្តាលឱ្យរន្ទះបាញ់សម្លាប់មនុស្ស២នាក់ខណៈជិះម៉ូតូមេឃកំពុងភ្លៀងនិងមនុស្ស២នាក់ទៀតរងរបួស ដោយផ្ទះរលំត្រូវក្នុងនោះមានផ្ទះ២២១ខ្នងរងការខូចខាត,រោងម៉ាស៊ីនកិនស្រូវ២ខ្នង,ឃ្លាំង១ខ្នង និងសាលា ឆទាន១ខ្នង ផងដែរ ៕ សំ វិច្ឆិកា
...