ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាផ្លូវការ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការនគរបាលជាតិ មានតួនាទីជាប្រធាននាយកដ្ឋានចំនួន៥រូប និងអនុប្រធានសេនាធិការម្នាក់។
សូមបញ្ជាក់ថា៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងក្នុងឱកាសនេះរួមមាន៖ ទី១៖លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ ទី២៖លោកឧត្តមសេនីយ៍ឯក ម៉ៅ ឧត្តម ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។
ទី៣៖លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ពីប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ ទី៤៖លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ពីប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ទី៥៖លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ពីអនុប្រធានសេនាធិការដ្ឋានទៅជាប្រធាន នាយកដ្ឋាននគរបាលការពារ
ព្រំដែនគោក និងទី៦៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ពៅ ជាអនុប្រធានសេនាធិការដ្ឋាន៕
ដោយ៖ សិលា