មានទំនាស់ជាមួយគ្នាម្ដងជាពីរដងមិនអី ឈ្លោះម្ដងទៀតយកកាំបិតចាក់ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ធ្លាប់មានទំនាស់ទាក់ពាក្យសម្ដីជាមួយបុរសម្នាក់ទៀតញឹកញាប់មិនដែលបង្កររបួសស្នាមអ្វីទេ ចុងក្រោយជួបគ្នាម្ដងទៀតដោយចៃដន្យ បានទាស់ពាក្យសម្ដីគ្នាម្ដងទៀត ធ្វើឲ្យយុវជនម្នាក់យកកាំបិតកូនកាំបិតចាក់ទៅលើបុរសជាគូរទំនាស់របស់ខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យបុរសរងគ្រោះ​រងរបួសធ្ងន់ធ្ងរ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សារឿន ភត្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះឈ្មោះ ហុក ប្រុស (ហៅ ណុប) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានកូនកាំបិតចំនួន១ ។

ប្រភពដដែលបន្តថា រយៈកាលកន្លងមកជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាម្ដងជាពីរដងមកហើយ តែពុំដែលបង្ករអោយមានរបួសស្នាមអ្វីទេ ។ លុះនៅពេលកើតហេតុខាងលើ ខណៈដែលជនសង្ស័យធ្វើដំណើរទៅវត្តភក្ដីសិរីដុះ ស្ថិតក្នុងភូមិកើតហេតុ ពេលមកដល់ចំណុចមុខផ្ទះជនរងគ្រោះ ពេលនោះក៏បានជួបជនរងគ្រោះ រួចបានទាក់ពាក្យសម្ដីគ្នាបន្តិច ជនរងគ្រោះបានយកដុំដីគប់ទៅលើជនសង្ស័យ ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យបានយកកូនកាំបិតដែលដាក់តាមខ្លួនទៅចាក់លើជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលអោយរងរបួសជាទម្ងន់ ហើយគេចខ្លួន ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ  ដោយសភាពរបួសធ្ងន់ធ្ងរពេកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីររាជធានីភ្នំពេញបន្តភ្លាមៗ និងរាយការណ៍ជូននគរបាលតែម្ដង ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានភ្លាមៗរួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យ សារឿន ភត្ត្រា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print